ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការ និងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍»

(កំពង់ស្ពឺ)៖ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការ និងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍»។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក កៅ សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ស្ពឺ, លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ, លោកវេជ្ជបណ្ឌិត ខៀវ វីរៈ អនុប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល។ លោក ហោ សារុន បានថ្លែងថា សិក្ខាសាលានៅថ្ងៃនេះ គឺជាសញ្ញាណថ្មីមួយទៀតបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍ ដែលការលុប បំបាត់ជំងឺគ្រុនចាញ់នេះទាមទារឱ្យមានការចូលរួម ពីគ្រប់វិស័យ គ្រប់ផ្នែក និងគ្រប់ស្រទាប់ទាំងអស់។

កម្ពុជាមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការ អនុវត្តយ៉ាងយកចិត្តទុកដាក់នូវផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាប្រកប ដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាស។ លោកបានបន្តថា ការលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការ និងការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងវិស័យទេសចរណ៍ មិនត្រឹមតែជាការចូលរួមគាំទ្រ និងឈានទៅសម្រេចបានគោលដៅយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមធានាបានសុវត្ថិភាពដល់ភ្ញៀវទេសចរ ដែលបានទៅកម្សាន្តនៅតំបន់ដែលប្រឈមនឹងជំងឺគ្រុនចាញ់។

ជាការពិតណាស់ នៅពេលដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទទួលបានការយកចិត្តទុកដាក់ និងធានាបានសុវត្ថិភាពល្អ នោះភ្ញៀវទេសចរនឹងទទួលបានភាពពេញចិត្តមួយកម្រិតទៀត ដែលជាកត្តាជំរុញជួយបង្កើនភាពទាក់ទាញមួយកម្រិតទៀតក៏ដូចជាជួយលើកកម្ពស់កិត្តិនាមគោលដៅទេសចរណ៍កម្ពុជាផងដែរ។ ការលើកកម្ពស់កិត្តិនាម និងការបង្កើនភាពទាក់ទាញដល់គោលដៅទេសចរណ៍កម្ពុជា គឺជាការងារមួយក្នុងចំណោមការងារអាទិភាពរបស់ក្រសួងទេសចរណ៍ដើម្បីប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ សកលឈានមុខមួយ ប្រកប ដោយ ភាព សម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញគំនិតផ្តួចផ្តើម «បង្កើន៥ អភិវឌ្ឍន៍៣» ដែលជាផែនការយុទ្ធសាស្ត្រ និងការងារអាទិភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាប្រកបដោយភាពប្រកួតប្រជែងខ្ពស់ធានាបានចីរភាព និងមានបរិយាបន្ន។ ផែនការយុទ្ធសាស្ត្របង្កើន៥ (BUILD) រួមមាន៖ ១)បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កិត្តិនាមកម្ពុជាដើម្បីឱ្យទេសចរកាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែ ស្គាល់កម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ, ២៖ បង្កើនប្រសិទ្ធភាព នៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជាធ្វើឱ្យទេសចរ និង ពិភពលោកទាំងមូលចាប់អារម្មណ៍មកទស្សនាកម្ពុជា, ៣៖ បង្កើនប្រសិទ្ធភាពគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចររួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់, ៤៖ បង្កើនប្រសិទ្ធភាពអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ៥៖ បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ត្រទាំង៥នេះការងារអាទិភាពអភិវឌ្ឍន៍ចំនួន៣ ត្រូវបានដាក់ចេញអនុវត្តរួមមានទី១៖ អភិវឌ្ឍរចនាសម្ព័ន្ធស្ថាប័ន និងពង្រឹង យន្តការអភិបាលកិច្ចទេសចរណ៍ និងពង្រឹងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍, ទី២៖ អភិវឌ្ឍបរិវត្តកម្មឌីជីថល ក្នុងវិស័យទេសចរណ៍, ទី៣៖ អភិវឌ្ឍន៍ធនធានមនុស្សដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលសមត្ថភាព ជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិកា គុណធម៌ និងសីលធម៌។ លោកសូមបញ្ជាក់ថា យុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្នុង វិស័យទេសចរណ៍នៅខេត្តកំពង់ស្ពឺនឹងត្រូវធ្វើឡើងជា ០៤ដំណាក់កាលធំៗ។ ដំណាក់កាលទី១៖ ការចុះពិនិត្យ និងស្វែងយល់អំពីស្ថានភាពជំងឺគ្រុនចាញ់នៅតាម តំបន់អេកូទេសចរណ៍ និងគោលដៅទេសចរណ៍ទាក់ទាញ។ ដំណាក់កាលទី២៖ ការរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹង ដែលយើងកំពុងធ្វើទាំងអស់គ្នានៅពេលនេះ។ ដំណាក់កាលទី៣៖ ការចុះតាមដាន និងវាយតម្លៃការអនុវត្តជាក់ស្តែង របស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលបានបញ្ជូនតំណាងមកចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ។ ដំណាក់កាលទី៤៖ ការផ្តល់ពានលើកទឹកចិត្តដល់មូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ដែលបានអនុវត្តបានល្អ៕

ដកស្រង់ពី៖ Fresh News