ទស្សនា​ការ​សម្ដែង​ក្បាច់​គុន​សៅលីញ​ដ៏​កម្រ​លើ​ទឹក​ដី​សៀមរាប

ថៃ្ងនេះនៅលើទឹកដីខេត្តសៀមរាប នៅបរិវេណប្រាសាទបាយ័នភាគខាងជើង មានការរៀបចំការសម្ដែងក្បាច់គុនសៅលីញដ៏កម្រមួយ បង្កការចាប់អារម្មណ៍ជាច្រើនលើបណ្ដាញសង្គម។

ការសម្ដែងនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor) រៀបចំដោយក្រសួងទេសចរណ៍កម្ពុជា ដោយមានការសហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន ចិន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Sun Shougang សមាជិកអចិន្ត្រៃយ៍គណៈកម្មការគណបក្ស កុម្មុយនីស្តប្រជាជនចិន និងជាអភិបាលរងខេត្តហឺណាន។

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា តំណាងស្ថានទូតចិនប្រចាំកម្ពុជា សមាគមទេសចរណ៍ អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត សាធារណជន ក្រុមក្បាច់គុនសាវលីញ និងល្បុក្កតោ កម្ពុជា-ចិនសរុបជាង ១,៥០០នាក់។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដល់ស្រទាប់យុវជន ប្រជាជននៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការបង្កើត «សហគមន៍ជោគវាសនារួម កម្ពុជា-ចិន»។ ការសម្តែងក្បាច់សៅលីញក្នុងព្រឹត្តិការណ៍ខាងលើ មានភាពរស់រវើក ហើយបានបញ្ចេញ និងបង្ហាញស្នៀតក្បាច់គុននេះជាច្រើនក្បាច់។ ចំពោះទស្សនីយភាពនៃការសម្តែងនេះ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមដែលជាស្នាដៃថតដោយ Arun Pov ហើយត្រូវបានចែកចាយដោយអ្នកលេងបណ្ដាញសង្គមជាច្រើន៖៕

ដកស្រង់ពី៖sabay News