​ក្រសួង​ទេសចរណ៍​ ​ណែ​នាំឲ្យ​គ្រប់គ្រង​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​ក្នុង​មជ្ឈមណ្ឌល​ក​ម្សាន្ត

ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ឱ្យសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីគ្រប់គ្រងប្រព័ន្ធភ្លើងក្នុងមជ្ឈមណ្ឌលកម្សាន្ត ដូចជា ខារ៉ាអូខេ ក្លឹបរាត្រី បារ-ឌីស្កូ និងបៀរហ្គាឌិន។

យោងតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងការពារអាយុជីវិតភ្ញៀវ ក៏ដូចជាទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពីគ្រោះអគ្គិភ័យនៅមជ្ឈមណ្ឌលកម្សាន្ត ក្រសួងទេសចរណ៍បានណែនាំចំណុចសំខាន់ៗចំនួនបី៖

១. មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពជំនាញក្នុងអង្គភាពបច្ចេកទេសប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីផ្សព្វផ្សាយវិធានការបង្ការ និងពន្លត់អគ្គិភ័យនៅតាមរមណីយដ្ឋានទេសចរណ៍ (ខារ៉ាអូខេ ក្លឹបកម្សាន្ត បារ ឌីស្កូ និង បៀរហ្គាឌិន)។

២. មន្ទីរទេសចរណ៍រាជធានី-ខេត្ត ណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត មិនត្រូវចេញអាជ្ញាប័ណ្ណទេសចរណ៍ដល់អាជីវកម្ម ក្លឹបខារ៉ាអូខេ បារ ឌីស្កូ និងបៀរហ្គាឌិន ដែលមិនមានច្រកចូលសុវត្ថិភាព និងមិនមានបំពាក់ឧបករណ៍បង្ការអគ្គីភ័យ និងប្រព័ន្ធពន្លត់ និងប្រព័ន្ធកណ្តឹងរោទិ៍ដើម្បីឱ្យភ្ញៀវដឹងនៅពេលមានអគ្គីភ័យ។

៣. មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មនៃមជ្ឈមណ្ឌលកម្សាន្ត ឱ្យយកចិត្តទុកដាក់ និងបង្ការគ្រោះអគ្គិភ័យ ដោយរៀបចំដូចតទៅ៖

– ទ្វារសុវត្ថិភាព ផ្លាកសញ្ញាសុវត្ថិភាព ប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យ បំពង់ពន្លត់អគ្គីភ័យគ្រប់ទីកន្លែង នៅតាមជាន់ និងក្នុងបន្ទប់បុគ្គលនៅក្នុងអគារនៃមជ្ឈមណ្ឌលកម្សាន្ត។

– បំពាក់ដោយប្រព័ន្ធរោទិ៍ បិទភ្លើងដោយស្វ័យប្រវត្តិ ក្នុងករណីមានអគ្គីភ័យ។ ក្រសួងបានណែនាំថា“ទទួលបានសារាចរណែនាំនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរទេសចរណ៍រាជធានី ខេត្ត ប្រតិបត្តិករទេសចរណ៍ និងអង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ ត្រូវអនុវត្តខ្លឹមសារខាងលើប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ”។

ដកស្រង់ពី៖ ខ្មែរថាមស៍