ភ្ញៀវ​ទេសចរ​មាន​ចំនួន​កើន​ឡើង​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរច្រើនដែលមិនធ្លាប់មានពីមុនដោយពួកគេបានធ្វើដំណើរទៅកាន់រមណីយដ្ឋាន និងគោលដៅនានាក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។

ក្នុងចំណោមភ្ញៀវទេសចរសរុបមានចំនួន ១១០.៣២០នាក់ ជាភ្ញៀវទេសចរបរទេស។

ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ទទួលបានភ្ញៀវទេសចរប្រមាណ ២,២លាននាក់ ខណៈដែលខេត្ត កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ទទួលបានភ្ញៀវទេសចរ ១,៦៥លាននាក់។

ទន្ទឹមនឹងនេះ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរចំនួន ៣.៥៤លាននាក់ ខណៈខេត្តកំពង់ចាមទទួលបានភ្ញៀវទេចរច្រើនជាងគេចំនួន ៥.៣៤លាននាក់។

ដោយឡែកខេត្តកំពង់ស្ពឺ និងព្រៃវែងបានកត់ត្រាចំនួនភ្ញៀវទេសចរចំនួន ២,១ លាន និង ២,២៩ លាននាក់រៀងៗខ្លួន។

យោងតាមប្រភពដដែលបានអោយដឹងថា ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែររយៈពេល៤ ថ្ងៃបានអនុញ្ញាតឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅរមណីយដ្ឋានជាច្រើននៅតាមបណ្តាខេត្តដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ បានកើនឡើងលើសពីការព្យាករណ៍របស់ក្រសួង ហើយថែមទាំងមានចំនួនលើសពីពេលមានជំងឺ Covid-19 ទៀតផង។

ក្រសួងបានសន្និដ្ឋានថា ចំនួនភ្ញៀវទេសចរដ៏ច្រើនដែលមិនធ្លាប់មានក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរគឺដោយសារការរៀបចំកម្មវិធីកម្សាន្តផ្សេងៗ រួមមានពិធីសង្ក្រាន្តនៅតាមខេត្តនីមួយៗ ហើយក៏ដោយសារសន្តិភាពក្នុងប្រទេសដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរបាននៅទូទាំងប្រទេស។

លោកបានប្រាប់ខ្មែរថាមស៍ថា «ចលនាទេសចរណ៍ក្នុងអំឡុងថ្ងៃឈប់សម្រាកដ៏យូរនេះបានបង្កើតផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រទេស»។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននិយាយថា ការកើនឡើងនៃចំនួនភ្ញៀវក្នុងស្រុកបានជួយដល់សេដ្ឋកិច្ចជាតិទាំងមូល។

អ្នកស្រីបានបន្តថា៖ «រយៈពេលឈប់សម្រាកនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។

អ្នកស្រីបានបន្ថែមថា៖ «នៅពេលប្រជាពលរដ្ឋធ្វើដំណើរ ពួកគេត្រូវការសេវាដូចជាការដឹកជញ្ជូន ការស្នាក់នៅ អាហារ និងសេវាកម្មផ្សេងទៀត ដែលជួយដល់វិស័យទេសចរណ៍ក្នុងស្រុក»។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះ បានផ្ញើសារអបអរសាទរដល់មន្ត្រីរាជការដែលបានចូលរួមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយភាពសប្បាយរីករាយ ជោគជ័យ សេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងមោទនភាពជាតិ។

លោកបានមានប្រសាសន៍ថា “ម្លប់សន្តិភាពបានផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់បានរស់នៅរួមគ្នាប្រកបដោយគុណធម៌ ឯកភាពជាតិ ប្រកបដោយសេចក្តីសុខ កិត្តិយស និងសេចក្តីថ្លៃថ្នូរ”។

ដកស្រង់ពី៖ ខ្មែរថាមស៍