សូមអញ្ជើញ មកទស្សនា ព្រឹត្តិការណ៍ «សៀមរាប សង្ក្រាន្ត» នាឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខាងមុខ​នេះ

(សៀមរាប)៖ ក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ព្រមទាំងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ កំពុងមមាញឹករៀបចំ តុបតែង លម្អរចំព្រឹត្តិការណ៍ «សៀមរាប សង្ក្រាន្ត» បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត។

ខាងមន្ត្រីសាលាខេត្តសៀមរាប ដែលកំពុងចូលរួមរៀបចំ បានឱ្យដឹងថា៖ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ ខាងមុខ រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ នឹងរៀបចំ «សៀមរាបសង្ក្រានឆ្នាំថ្មី» រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន» ក្រុមការងារបាននឹងកំពុងរៀបចំ តុបតែង លម្អភ្លេីង និងរៀបចំកន្លែងកម្សាន្តជាច្រេីន នៅទីតាំងសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប យ៉ាងស្រស់សោភា គួរជាទីទាក់ទាញ ដេីម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្ត។ លោកសង្ឃឹមថា៖ សម្រាប់ព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ ខាងមុខនេះ ខេត្តសៀមរាប នឹងមានភ្ញៀវជាតិ អន្តរជាតិ និងសាធារណៈជន មហាជនទូទៅ បានមកទស្សនាក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករ និងដោយសេចក្ដីសប្បាយរីករាយ ផងដែរ៕

 

ដកស្រង់ពី៖Fresh News