រដ្ឋាភិបាល​តែងតាំង​មន្ត្រី​ ​៤​៧​នាក់​ ​ជា​គណៈកម្មការ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​

រដ្ឋាភិបាលតាំងតាំងសមាសភាពមន្ត្រីជាន់ខ្ពស់៤៧នាក់ ជាគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២១-២០៣៥ សំដៅធ្វើយ៉ាងឱ្យមានប្រសិទ្ធភាព និងការប្រកួតប្រជែង។

ក្នុងសេចក្ដីសម្រេចតែងតាំងសមាសភាពគណៈកម្មការខាងលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតែងតាំងលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន និងមានអនុប្រធាន១៤នាក់ ព្រមទាំងសមាជិក៣២នាក់ សម្រាប់ប្រតិបត្តិការក្នុងតួនាទី និងភារកិច្ចរៀងៗខ្លួន។

ក្នុងចំណោមអនុប្រធានទាំង១៤នាក់ រួមមានលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

លោក ហ៊ុន ម៉ាណែត បានជំរុញរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចខាងលើនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចន្ទតទៅ។

ក្នុងអនុក្រឹត្យស្ដីពី ការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ កាលពីឆ្នាំ២០២១ បញ្ជាក់ថា គណៈកម្មការខាងលើនេះ បង្កើតឡើងដើម្បីអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរឆ្នាំ២០២១-២០៣៥ សំដៅធ្វើយ៉ាងឱ្យមានប្រសិទ្ធភាព និងការប្រកួតប្រជែង។

គណៈកម្មការខាងលើនេះ ត្រូវដឹកនាំបង្កើតផលិតផលទេសចរណ៍ឱ្យមានភាពទាក់ទាញ និងមាននិរន្តរភាព ព្រមទាំងពិនិត្យលើគម្រោងវិនិយោគនានាក្នុងខេត្តសៀមរាបផងដែ។

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បង្កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាលបង្កើតផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ ឆ្នាំ២០២១-២០៣៥។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ ផ្តោតសំខាន់លើការអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ រួមមាន តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងអង្គរ តំបន់ទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។

អនុក្រឹត្យបញ្ជាក់ថា ការអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗខាងលើនេះ ដើម្បីឈានសម្រេចបាននូវការទទួលប្រាក់ចំណូលជិត ៦ពាន់លានដុល្លារ ពីភ្ញៀវទេសចរជាតិ ១០,៩លាននាក់ និងអន្តរជាតិ ៧លាននាក់ ព្រមទាំងបង្កើតការងារដោយផ្ទាល់ប្រមាណ ៩៤ម៉ឺននាក់ នៅក្នុងឆ្នាំ២០៣៥។

ចំពោះថវិកាចំណាយសម្រាប់ដំណើរការរបស់លេខាធិការដ្ឋាននៃគណៈកម្មការខាងលើនេះ ត្រូវគាំទ្រដោយថវិកាជាតិទៅតាមលទ្ធភាពនៃថវិកាប្រចាំឆ្នាំ ក្រោមគម្រោងថវិកាកម្មវិធីរបស់ក្រសួងទេសចរណ៍។

គណៈកម្មការខាងលើ ក៏មានសិទ្ធិទទួលនិងចាត់ចែងប្រើប្រាស់នូវធនធាន និងមូលនិធិដែលបានមកពីប្រភពស្របច្បាប់ផ្សេងទៀតតាមនីតិវិធីច្បាប់ ដើម្បីដំណើរការរបស់ខ្លួន៕

ដកស្រង់ពី៖ ខ្មែរថាមស៍