រដ្ឋបាល​ខេត្ត​សៀមរាប​មមាញឹក​រៀបចំ​សង្កា​ន្ត​សៀមរាប​ ២​០​២​៤​

រដ្ឋបាលខេត្តសៀមរាបកំពុងមមាញឹករៀបចំកម្មវិធីកម្មវិធីសង្រ្កាន្តសៀមរាបឆ្នាំ២០២៤ ក្នុងនោះមានកម្មវិធីនៅតាមតំបន់កម្សាន្តជាច្រើននៅបរិវេណសួនច្បារហាត់ប្រាណ និងតាមបណ្ដោយស្ទឹងសៀមរាប។

ក្រុមការងារពាក់ព័ន្ធរៀបចំកម្មវិធីសង្រ្កាន្តសៀមរាបឆ្នាំ២០២៤ កំពុងប្រញាប់រៀបចំតំបន់កម្សាន្ត និងពិព័រណ៍ច្រើនកន្លែងឲ្យបានរៀបរយទៅតាមផែនការដែលគ្រោងទុក ស្របពេលដែលកម្មវិធីនេះ ខិតជិតមកដល់។ អភិបាលខេត្តសៀមរាប បានបង្ហាញពីសកម្មភាពរបស់លោក ចុះតាមកន្លែងរៀបចំនានា និងអញ្ជើញសាធារណជន រួមនិងទេសចរមកកម្សាន្តខេត្តសៀមរាប នាកំឡុងពេល បុណ្យចូលឆ្នាំប្រពៃណី ជាតិខាងមុខនេះ។

តាមកម្មវិធី រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំកម្មវិធីសង្រ្កាន្តរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ ក្នុងនោះមានកម្មវិធីចម្រុះជាច្រើន រួមមាន តំបន់ព្រឹត្តិការណ៍ កម្មវិធីសាសនា និងកម្មវិធីភូមិបេតិកភណ្ឌវប្បធម៌, តំបន់ល្បែងប្រជាប្រិយ និងសួនកុមារ, តំបន់ត្រជាក់ស្រស់ស្រាយ, តំបន់ជិះទូកកម្សាន្ត និងពិព័រណ៍ផ្សេងៗ, តំបន់ផាប់ស្រ្ទីត និងតំបន់ប្រកួតវាយកូនហ្គោល។

ទោះមិនទាន់ដល់ថ្ងៃពិតមែន តែការផ្សព្វផ្សាយ និងការអំពាវនាវមកកម្សាន្តនៅខេត្តសៀមរាប មានភាពផុសផុលមែនទែន។ មានការរំពឹងថា ចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ ដូចពិធីបុណ្យទានធំៗដទៃទៀតដែរ គឺនឹងមានទេសចរជាច្រើនមកកម្សាន្តខេត្តសៀមរាប ស្របពេលខេត្តនេះ បានរៀបចំកម្មវិធីកម្សាន្តជាច្រើន និងការលម្អក្នុងក្រុងយ៉ាងស្រស់ស្អាត៕

ដកស្រង់ពី៖ ខ្មែរថាមស៍