រដ្ឋ​គ្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​ស្តង់​ដារ​នៅ​ខេត្ត​កំពង់ចាម

ក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោងសាងសង់កំពង់ផែទេសចរណ៍ស្តង់ដារមួយតាមដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការចូលចតរបស់នាវាទេសចរណ៍។

គណៈប្រតិភូក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម នាពេលថ្មីៗនេះ បានចុះពិនិត្យ និងវាយតម្លៃទីតាំងច្រាំងទន្លេក្នុងក្រុងកំពង់ចាម សម្រាប់ការសាងសង់កំពង់ផែទេសចរណ៍។

អ្នកនាំពាក្យក្រសួង លោក ផន រឹម បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ថាគម្រោងនេះ នឹងធ្វើឱ្យខេត្តកំពង់ចាមមានកំពង់ផែស្តង់ដារសម្រាប់នាវាទេសចរណ៍ចូលសំចត ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទស្សនារមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តបាន។

លោកបានមានប្រសាសន៍ថា “កំពង់ផែបច្ចុប្បន្នដែលនាវាទេសចរណ៍ចូលចតមិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលនាំឱ្យមានតម្រូវការសម្រាប់កំពង់ផែស្តង់ដារមួយ ដែលមានសុវត្ថិភាព និងសោភ័ណភាពសមរម្យសម្រាប់នាវាទេសចរណ៍អន្តរជាតិចូលសំចត”។

បើតាមអ្នកនាំពាក្យបានឱ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃបានបង្ហាញថា ស្ថានភាពទីតាំងដែលបានជ្រើសរើសគឺអំណោយផល ដោយមានផ្ទៃដីធំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដូចជាបន្ទប់រង់ចាំសម្រាប់ភ្ញៀវទេសចរណ៍ បន្ទប់ទឹក និងកន្លែងផ្សេងៗទៀត។

ក្រុមការងារបច្ចេកទេសនឹងបន្តធ្វើការសិក្សាលម្អិតបន្ថែមទៀតអំពីស្ថានភាពបច្ចេកទេសលំហូរនៃផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គដែលអាចកើតមានលើផ្លូវនាវាចរ។

ដកស្រង់ពី៖ ខ្មែរថាមស៍