កម្ពុជា​-​អា​ស៊ែ​បៃ​ហ្សង់ ​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​តភ្ជាប់​វិ​ស័​យ​ទេសចរណ៍

ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋអាស៊ែបៃហ្សង់ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទេសចរណ៍រវាងប្រទេសទាំងពីរ។

យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Shovgi Mehdizada ឯកអគ្គរដ្ឋទូត អាស៊ែបៃហ្សង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមបានឯកភាពជំរុញការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ ក្នុងជំនួបនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា ហើយបានស្នើឱ្យលោករដ្ឋមន្ត្រីចែករំលែកបទពិសោធន៍អំពីក្រុមប្រឹក្សាទេសចរណ៍កម្ពុជា វិទ្យាស្ថានជាតិទេសចរណ៍ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។

ដោយសារឆ្នាំ២០២៤ គឺជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-អាស៊ែបៃហ្សង់ ឯកអគ្គរដ្ឋទូតបានស្នើសុំ លោករដ្ឋមន្ត្រីសហការរៀបចំកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបលើកទី៣០នៃទំនាក់ទំនងការទូត និងដើម្បីជំរុញលំហូរទេសចរណ៍។

នៅថ្ងៃដដែលនោះ លោក សុខ សូកេន ក៏បានទទួលលោក Arnaud Sonnet សហស្ថាបនិកនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងជាសហផលិតករភាពយន្តឯកសារ “Embarquement” ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ TV5 Monde ដើម្បីពិនិត្យមើលឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ ពិភពលោក។

យោងតាមលោក Arnaud Sonnet បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយអនឡាញឈានមុខគេនៅអឺរ៉ុប ដែលផ្សព្វផ្សាយការធ្វើដំណើរ និងទេសចរណ៍ ហើយភាពយន្តឯកសារ “Embarquement” គឺជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាព នៅលើទូរទស្សន៍ TV5 Monde ដែលផ្តល់នូវការពិពណ៌នាយ៉ាងលម្អិតនៃវប្បធម៌ និងប្រពៃណីនៃគោលដៅទេសចរណ៍ដែលមិនសូវមានគេស្គាល់ ទៅកាន់ទស្សនិកជននៅជុំវិញពិភពលោក។

ដោយកត់សម្គាល់ពីសក្ដានុពលនេះ លោករដ្ឋមន្ត្រីបានបង្ហាញពីលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍អាទិភាពកំពូលតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement”។

ដកស្រង់ពី៖ ខ្មែរថាមស៍