​កម្ពុជា​ប្រាថ្នា​ក្លាយ​ជា​មជ្ឈមណ្ឌល​ក​សិ​ទេសចរណ៍​ ​នៅ​អាស៊ី​អាគ្នេយ៍

កសិកម្មជាសសរស្តម្ភមួយក្នុងការលើកស្ទួយសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលជាសក្ដានុពលគ្មានដែនកំណត់សម្រាប់វិស័យកសិទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងវិស័យទេសចរណ៍ ដែលជាសសរស្តម្ភមួយទៀត ការរួមបញ្ចូលគ្នានៃវិស័យទាំងពីរនេះ មានសារៈសំខាន់ទ្វេដងសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយវិស័យកសិទេសចរណ៍គឺជាគោលគំនិតមួយដែលនៅខ្ចីនៅឡើយ ដោយនៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវជម្នះ។

Jeremie Clement អគ្គនាយកនៃ Peninsula Phnom Penh បានប្រាប់កាសែតខ្មែរថាមស៍ថា ប្រទេសកម្ពុជាមានសម្បត្តិកសិកម្មដ៏សម្បូរបែប ទេសភាពចម្រុះ និងឧស្សាហកម្មទេសចរណ៍ដែលកំពុងមានការរីកចម្រើន ដែលធ្វើឱ្យវាអាចមានលទ្ធភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។ ជាមួយនឹងដីមានជីជាតិ និងអាកាសធាតុអំណោយផល ប្រទេសកម្ពុជាមានផលិតផលកសិកម្មជាច្រើនប្រភេទ ចាប់ពីស្រូវ និងផ្លែឈើត្រូពិច រហូតដល់គ្រឿងទេស និងដំណាំកសិកម្ម។

ភាពចម្រុះនេះផ្តល់ឱកាសច្រើនសម្រាប់អ្នកទេសចរក្នុងការចូលរួមក្នុងបទពិសោធន៍កសិកម្ម ដូចជាការដាំស្រូវ និងការប្រមូលផល ការរើសផ្លែឈើ និងការរៀនពីបច្ចេកទេសកសិកម្មបែបប្រពៃណី។

Nathalie Chaboche សហស្ថាបនិក និងជានាយក La Plantation បាននិយាយថា ភ្ញៀវដែលមកពីបរទេសចង់ស្វែងយល់ពីផលិតផលក្នុងស្រុក។ ពួកគេទៅផ្សារក្នុងស្រុក ប៉ុន្តែប្រសិនបើពួកគេអាចទៅទស្សនាកសិដ្ឋាន និងជួបអ្នកស្រុកនៅទីនោះ វានឹងកាន់តែប្រសើរ។ Catherine Germier-Hamel ស្ថាបនិកនិងជានាយកប្រតិបត្តិនៃ Millennium Destinations បាននិយាយថា “វាហាក់ដូចជាសមហេតុផលក្នុងការអភិវឌ្ឍន៍វិស័យកសិទេសចរណ៍នៅកម្ពុជា ដែលចំនួននៃប្រជាជននៅតាមជនបទមានជាង ៧០ភាគរយ” ។ ចំនួននេះស៊ីជាមួយនឹងតម្រូវការពិសេសដែលកំពុងកើនឡើងសម្រាប់បទពិសោធន៍ធ្វើដំណើរដែលមិនធ្លាប់មានពីមុនមកនៅជនបទ ខណៈផ្តល់ឱកាសចំណូលបន្ថែមសម្រាប់កសិករ។

Clement បានបន្តថា បេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា រួមទាំងប្រាសាទបុរាណ និងភូមិប្រពៃណីរបស់ខ្លួន បន្ថែមស្រទាប់ទាក់ទាញមួយទៀតដល់វិស័យកសិទេសចរណ៍។ អ្នកទស្សនាមានឱកាសឈ្វេងយល់ពីរបៀបរស់នៅក្នុងស្រុក ចូលរួមក្នុងថ្នាក់បង្រៀនធ្វើម្ហូបដោយប្រើគ្រឿងផ្សំស្រស់ៗដែលមានប្រភពក្នុងស្រុក និងទទួលបានការយល់ដឹងអំពីការធ្វើកសិកម្មរបស់ខ្មែរដែលមានអាយុកាលរាប់សតវត្សមកហើយ។

Chaboche បាននិយាយថា “នៅឯ La Plantation យើងស្វាគមន៍ភ្ញៀវទស្សនាជាង ៥០ ០០០ នាក់ក្នុងមួយឆ្នាំ ហើយពួកគេមានមគ្គទេសក៍ណែនាំអំពីកសិដ្ឋាន មើលកសិករធ្វើការ ហើយពួកគេក៏ចូលរួមក្នុងវគ្គភ្លក់ផលិតផលរបស់យើងផងដែរ” ។ ពួកគេក៏អាចទិញផលិតផលដោយផ្ទាល់ពីកសិករផងដែរ។ នៅលើឆាកអន្តរជាតិ វាជួយបង្កើនកេរ្តិ៍ឈ្មោះនិងឧត្តមភាពនៃម្រេច គ្រឿងទេស ដំណាំ និងផ្លែឈើខ្មែរ។ ភ្ញៀវទាំងនេះទិញ និងនាំយកផលិតផលទៅប្រទេសកំណើតរបស់ពួកគេ។ ពួកគេចូលចិត្តដើរក្នុងបរិយាកាសពណ៌បៃតង និងស្អាត ជាមួយនឹងការពន្យល់អំពីរុក្ខជាតិត្រូពិច ដើមឈើ ផ្កា និងផ្លែឈើនីមួយៗ។

Germier-Hamel បានបន្ថែមថា សកម្មភាពនិងផលិតផលកសិទេសចរណ៍ គួរតែត្រូវបានអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយនិរន្តរភាព ដោយធានាថា ពួកគេមិនបង្កើតការពឹងផ្អែកលើទេសចរណ៍ និងផ្តល់អាទិភាពដល់ផលប្រយោជន៍ និងសុខុមាលភាពរបស់សហគមន៍មូលដ្ឋាន។

Clement បានក្រើនរំលឹកថា មានការព្រួយបារម្ភអំពីនិរន្តរភាព និងផលប៉ះពាល់បរិស្ថាន។ ជាឧទាហរណ៍ ការកើនឡើងនៃការប្រើប្រាស់សារធាតុគីមីកសិផលក្នុងកាធ្វើកសិកម្មមួយចំនួន ដែលអាចជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធអេកូឡូស៊ី។ ការអនុវត្តវិធីសាស្រ្តកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាការធ្វើកសិកម្មសរីរាង្គ ឬវិធីសាស្ត្រគ្រប់គ្រងសត្វល្អិតរួមបញ្ចូលគ្នា (integrated pest management) នឹងមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយផលប៉ះពាល់ទាំងនេះ និងធានាបាននូវលទ្ធភាពជោគជ័យយូរអង្វែងនៃវិស័យកសិទេសចរណ៍។ កម្ពុជាអាចជាមេដឹកនាំក្នុងតំបន់។

Chaboche បាននិយាយថា “យើងបានបង្កើតក្រុមកសិដ្ឋានគ្រួសារ ១០០ បូក។ យើងប្តេជ្ញាទិញផលិតផលទាំងអស់របស់ពួកគេក្នុងតម្លៃសមរម្យ ហើយយើងផ្តល់ឱ្យពួកគេនូវការបណ្តុះបណ្តាលស្តីពីឧត្តម្មានុវត្តកសិកម្ម (Good Agricultural Practices-GAP) អនាម័យ និងការកែច្នៃ”។ តាមរយៈការកែច្នៃផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជាខ្លួនឯង វាគឺជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការរក្សាតម្លៃបន្ថែមក្នុងប្រទេស និងលក់ផលិតផលសម្រេច។

Clement បាននិយាយថា នៅក្នុងទសវត្សរ៍ក្រោយ វិស័យកសិទេសចរណ៍នៅកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់កំណើនគួរឱ្យកត់សម្គាល់ ដែលជំរុញដោយការកើនឡើងតម្រូវការសម្រាប់បទពិសោធន៍ធ្វើដំណើរប្រកបដោយនិរន្តរភាព និងបទពិសោធន៍។ ជាមួយនឹងការវិនិយោគជាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ យុទ្ធនាការទីផ្សារ និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព កម្ពុជាអាចដាក់ខ្លួនជាគោលដៅកសិទេសចរណ៍ឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការត្រដាងស្លាប និងរៀនហោះហើរ គឺជាមធ្យោបាយតែមួយគត់សម្រាប់វិស័យកសិទេសចរណ៍នៅកម្ពុជា។

ដកស្រង់ពី៖ ខ្មែរថាមស៍