ទេសចរ​ណ៍បរទេស​កើនឡើង​ល្អ​នៅ​ដើមឆ្នាំ

រយៈពេលជិត៣ខែដើមឆ្នាំ២០២៤នេះ កំណើនទេសចរណ៍ចូលមកកម្ពុជា និងទេសចរណ៍ផ្ទៃក្នុងកើនឡើងគួរអោយកត់សម្គាល់ ខណៈអ្នកជំនាញក្នុងវិស័យមួយនេះមានសុទិដ្ឋិនិយមថា ដំណើរការល្អបែបនេះនឹងអាចធ្វើឲ្យកម្ពុជាក្លាយខ្លួនជាគោលដៅទេសចរណ៍ និងវិនិយោគផងដែរ ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាថ្លែងថា ការកើនឡើងនៃភ្ញៀវទេសចរបរទេស និងទេសចរផ្ទៃក្នុងកម្ពុជាបង្ហាញពីសញ្ញាវិជ្ជមាននៃវិស័យ ទេសចរណ៍នៅក្នុងប្រទេសបានដំណើរការឡើងវិញស្ទើរតែទាំងស្រុង ។ ទាំងនេះជាភាពប្រសើរឡើងនូវសង្វាក់សេវាកម្មផងក៏ដូចជាវិស័យទេសចរណ៍ទាំងមូល ។ លោក ហូ វណ្ឌី បានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពដឹងថា « យើងឃើញ អោយតែយើងរៀបចំព្រឹត្តិការណ៍ផ្សេងៗតួយ៉ាងដូចជា បុណ្យទន្លេនៅសៀមរាប ទោះបីជាសៀមរាបមិនមានទន្លេពោល គឺមានតែស្ទឹង តែពេលយើងបានយកពិធីបុណ្យនោះ ជាបុណ្យទន្លេ នៅតែមានអ្នកទេសចរណ៍ជាច្រើនមកលេង »។

ទីប្រឹក្សាសមាគមទេសចរណ៍ដដែលបានបន្តថា ការបន្តនិរន្តភាពអោយបានជោគជ័យលើការជំរុញទេសចរណ៍ក្នុងប្រទេស គឺបន្តតាំងពីអណត្តិចាស់រហូតដល់អាណត្តិថ្មី ។ យើងឃើញមាន៥០ទៅ៦០ភាគរយនៃភ្ញៀវទេសចរបរទេស ដែលចូលមកកម្ពុជាមាននៅតំបន់ប្រាសាទ និងជុំវិញប្រាសាទជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរ ។ លោក ហូ វណ្ឌី បន្ថែមថា «កម្ពុជាជាគោលដៅទេសចរណ៍ជារឿងត្រឹមត្រូវ ដោយសារទី១ ជាគោលដៅទេសចរណ៍វប្បធម៌ ទី២ ទេសចរណ៍ធម្មជាតិ ហើយប្រសិនបើក្នុងករណីយើងឈានទៅដល់ការវិនិយោគមួយទៀត ការកែច្នៃតំបន់មួយចំនួនក្លាយទៅជាតំបន់មួយមិនទាន់មានភាពទាក់ទាញទេ ។

ប្រសិនបើមានការវិនិយោគតំបន់កែច្នៃនោះអោយក្លាយទៅជាតំបន់ទេសចរណ៍កែច្នៃនោះ គឺជាតំបន់ទាក់ទាញខ្លាំងមែនទែន» ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានអោយដឹងថា ភ្ញៀវទេសចរភាគច្រើនចូលមកកម្ពុជាតាមព្រំដែន ជាពិសេសបាវិត និងប៉ោយប៉ែត ដែលចំណូលនៃការចូលមកនេះរបស់ភ្ញៀវទេសចរបានបង្កើតការងារមួយចំនួនសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា វិស័យទេសចរណ៍បច្ចុប្បន្នបានប្តូរទម្រង់ ដែលចេញពីទេសចរណ៍កម្សាន្តតាមប្រាសាទទៅជាទេសចរណ៍កាស៊ីណូវិញ ។ កាស៊ីណូទាំងនោះជាប្រភេទទេសចរណ៍មិនថមថយឥទ្ធិពល ។ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយក៏មនុស្សនៅតែចូលចិត្តការកម្សាន្តបែបផ្សងសំណាងនេះ ។ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជាមានចំនួន៤៦៧០០រយនាក់ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅឃើញថាមានកំណើនរហូតដល់៨៧,៣ភាគរយ និងរក្សាបានលំដាប់លេខរៀងទី៣ នៃភ្ញៀវបរទេសចូលមកកម្ពុជាច្រើនជាងគេ ។

របាយការណ៍ដដែលបានបង្ហាញផងដែរថា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ ២០២៤នេះកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួនជាង៥៤ម៉ឺននាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅមានការកើនឡើងប្រមាណ៣៤ភាគរយក្នុងនោះភ្ញៀវទេសចរបរទេសជនជាតិថៃ មានចំនួនច្រើនជាងរហូតដល់១៦ម៉ឺន៣ពាន់នាក់ បន្ទាប់មក គឺជនជាតិវៀតណាមដែលមានចំនួនជាង៨ម៉ឺន៥ពាន់នាក់ ។ ការកើនឡើងនៃភ្ញៀវទេសចរបរទេសនៅកម្ពុជា បានបង្ហាញពីសញ្ញាវិជ្ជមាននៃវិស័យទេសចរណ៍កម្ពុជាក៏ដូចជា ពិភពលោកទាំងមូលផងដែរ ដោយយើងបានឃើញថា អាជីវកម្មទេសចរណ៍ជាច្រើននៅក្នុងប្រទេសបានដំណើរការឡើងវិញស្ទើរតែអស់ហើយ ខណៈអាជីវកម្មទាំងនេះបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីកើតមានវិបត្តិកូវីដ១៩ ៕

ដកស្រង់ពី៖កោះសន្តិភាព