​ក្រសួង​ទេសចរណ៍​អភិវឌ្ឍ​ធនធានមនុស្ស​ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ផ្ដល់​សេវា​ទេសចរណ៍

ក្រសួងទេសចរណ៍បានដាក់គោលដៅអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ដើម្បីបង្កើនប្រសិទ្ធភាពផ្ដល់សេវាទេសចរណ៍ដែលមានគុណភាពដល់ទេសចរ ខណៈក្រសួងមានចក្ខុវិស័យប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខមួយតាមរយៈការលើកកម្ពស់កិត្យានុភាពនិងភាពធន់កម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរៀបចំដោយក្លិបអ្នកកាសែតកម្ពុជាកាលពីសប្ដាហ៍មុននៅប្រាសាទអង្គរវត្ត លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍បានជំរុញកម្ពុជាជាគោលដៅទេសចរណ៍មួយដែលមានការប្រកួតប្រជែងគុណភាពខ្ពស់។ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងទេសចរណ៍បានដាក់គោលដៅអភិវឌ្ឍធនធានមនុស្សទាំងក្នុងក្របខណ្ឌស្ថាប័នរដ្ឋនិងវិស័យឯកជន។

លោកថា បច្ចុប្បន្នក្រសួងកំពុងកែសម្រួលរចនាសម្ព័ន្ធរបស់ស្ថាប័ន ពង្រឹងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សក្នុងក្របខណ្ឌស្ថាប័នរដ្ឋតាមរយៈការជំរុញការបណ្ដុះបណ្ដាលមន្ត្រីរាជការនៅវិទ្យាស្ថានទេសចរណ៍ ដើម្បីបង្កើនសមត្ថភាពពួកគេ។

លោកបាននិយាយថា៖ «យើងមានវិទ្យាស្ថាននេះនៅក្នុងក្រសួងទេសចរណ៍ ប៉ុន្តែយើងត្រូវការជំនួយបន្ថែមទៀតពីដៃគូពាក់ព័ន្ធ ហើយខ្ញុំសង្ឃឹមថានៅក្នុងអណត្តិនេះនឹងមានទីតាំងច្បាស់លាស់សម្រាប់វិទ្យាស្ថានទេសចរណ៍របស់យើង។ យើងពង្រឹងប្រតិបត្តិការវិទ្យាស្ថាននេះឡើងវិញ»។

លោកបានបញ្ជាក់ថា ទន្ទឹមគ្នានេះក្រសួងទេសចរណ៍កំពុងជំរុញអភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ដែលមានលក្ខណៈចម្រុះគ្នា។ កម្ពុជាមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ជាច្រើនដែលបង្កើតឡើងក្នុងក្របខណ្ឌសហការជាមួយវិស័យឯកជននិងអង្គការ។ ចំណែករដ្ឋភិបាលក៏បានសាងសង់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ដែរ ហើយបច្ចុប្បន្នវាស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការសាងសង់ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។

លោកនិយាយថា៖ «យើងកំពុងសិក្សាជាមួយភាគីអូស្ត្រាលី ដើម្បីកំណត់កម្មវិធីសិក្សាសំខាន់ៗដែលពាក់ព័ន្ធបដិសណ្ឋារកិច្ចនិងការផ្ដល់សេវាពាក់ព័ន្ធទាំងអស់ដែលមានក្នុងវិស័យទេសចរណ៍ ដោយធ្វើយ៉ាងណាជំរុញសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍បន្ថែមទៀត ដើម្បីបង្កើនគុណភាពនៃការផ្ដល់សេវាកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍របស់យើង»។

លោកបានបន្ថែមថា ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍បានទទួលសហការនិងគាំទ្រហិរញ្ញប្បទានពីប្រទេសបារាំង ហើយក្រសួងទេសចរណ៍នឹងប្រឹងប្រែងអនុវត្តដោយគិតគូរលើការងារនិរន្តរភាពនៃដំណើរការរបស់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍។

លោកបានថ្លែងថា៖ «សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ស្ថិតក្រោមរចនាសម្ព័ន្ធរបស់ក្រសួងទេសចរណ៍ដែលចំណូលខ្លះៗ ដើម្បីគាំទ្រដល់ដំណើរប្រតិបត្តិការ។ ដូច្នេះការងារដែលសំខាន់ គឺយើងត្រូវតែធានាឱ្យមានការចូលរួមសកម្មក្នុងការបណ្ដុះបណ្ដាលនិងការផ្ដល់ទីផ្សារការងារដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍»។

លោកបានបន្តថា ការបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់វិស័យទេសចរណ៍ គឺជាចំណុចចាប់ផ្ដើមរបស់ក្រសួងទេសចរណ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស។ លោកសង្ឃឹមថា យុវជនអាចជ្រើសរើសយកវិស័យទេសចរណ៍ជាការងារមួយសំខាន់ ដើម្បីគិតគូររៀបចំការងារបន្តទៅអនាគត។

លោកបានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាការងារមួយក្នុងចំណោមការងារចំនួនបីរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី។

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសម្ដែងការគាំទ្រគោលនយោបាយក្រសួងទេសចរណ៍ដាក់គោលដៅជំរុញការអភិវឌ្ឍធនធានមនុស្ស ដែលកិច្ចការងារនេះនឹងអាចជួយស្ដារធនធានមនុស្សក្នុងវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ព្រោះថាធនធានមនុស្សក្នុងវិស័យមួយនេះត្រូវបានថមថយច្រើនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

លោកបានបន្ថែមឱ្យដឹងទៀតថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍មានចំនួនមិនសូវច្រើនទេ។ នៅក្នុងនោះមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ជិត១០ត្រូវបានដំណើរការដោយវិស័យឯកជនមាន ហើយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍របស់រដ្ឋមានពីរបីតែប៉ុណ្ណោះ។

លោកជឿជាក់ថា៖ «សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ទាំងនេះនឹងចូលរួមចំណែកជួយអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឧស្សាហកម្មទេសចរណ៍បានច្រើន»។

លោកបានកត់សម្គាល់ឃើញដែរថា តួរលេខទេសចរក្នុងរយៈពេលបីខែមកនេះបានបង្ហាញពីសញ្ញាវិជ្ជមាននៃទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា ចំណែកទេសចរណ៍ក្នុងស្រុកក៏មានសន្ទុះកើនឡើងច្រើនផងដែរ ជាពិសេសពេលមានការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យផ្សេងៗ។

លោកបាននិយាយថា ទេសចរក្នុងស្រុកជាច្រើនមាននាំគ្នាចូលកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យទន្លេរយៈពេលបីថ្ងៃដែលរៀបចំធ្វើនៅខេត្តសៀមរាប។ នេះជាចំណុចល្អមួយសម្រាប់ព្រឹត្តិការណ៍នៃពិធីបុណ្យផ្សេងៗរបស់កម្ពុជា។

តាមរាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ទេសចរដែលមកកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨មានប្រមាណជាង ៥៥ម៉ឺននាក់ ដែលក្នុងនោះទេសចរបរទេសមានចំនួន ៣៣ ៧៧០នាក់ និងទេសចរជាតិមានចំនួន ៥២០ ០០០នាក់៕

ដកស្រង់ពី៖ ខ្មែរថាមស៍