វិស័យ​ទេសចរណ៍​ ៖ គេ​គួរ​ច្នៃ​ផលិតផល​ខ្មែរ​ឲ្យបាន​ច្រើន​ដើម្បី​ទាក់ទាញ​បរទេស

ទេសចរណ៍ជាសរសរស្តម្ភទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាដ៏សំខាន់មួយ ។ កម្ពុជាមានប្រាសាទ វប្បធម៌ និងធនធានធម្មជាតិ សម្បូរបែប ដើម្បីទាក់ទាញអ្នកទេសចរ ។

ក្រៅពីអ្វីដែលជាសក្តានុពលវប្បធម៌ ដែលជាកេរដំណែលដូនតាខ្លួន ខ្មែរគួរច្នៃធនធានធម្មជាតិ និងដំណាំដែលខ្លួនអាចដាំដុះបានជាគ្រឿងផ្សំ និងជាសេវាកម្មនៅក្នុងការទាក់ទាញអ្នកទេសចរ ។ អ្នកទេសចរដែលបានមកដល់កម្ពុជា ទំនងគេចង់ទទួលបានរសជាតិ បទពិសោធ ជាមួយអ្វីដែលជារបស់ខ្មែររាប់ទាំងពីអាហារ វត្ថុអនុស្សាវរីយ៍ និងសេវាកម្មនានានៅក្នុងវិស័យទេសចរណ៍ ។

អ្វីដែលជារបស់បរទេស និងជារបស់ប្រទេសផ្សេងមាន ទំនងអ្នកទេសចរមិនចង់បាន និងមិនចង់ឃើញទៀតនោះទេ នៅពេលខ្លួនបានមកដល់កម្ពុជា ដែលជាប្រទេសចំណាស់ និងមានអរិយធម៌ រុងរឿងនៅក្នុងពិភពលោកហើយនោះ ។ កម្ពុជាគួរកែច្នៃ និងជំរុញផលិតផលទេសចរណ៍ដែលភ្ជាប់ជាអត្តសញ្ញាណជាតិរបស់ខ្លួនឱ្យបានច្រើនបំផុត ដើម្បីទាក់ទាញអ្នកទេសចរ ។ ការចងចិត្តអ្នកទេសចរមានច្រើនយ៉ាង ដែលគេគួរធ្វើរួមគ្នាជាមួយសក្តានុពលធំៗដែលកម្ពុជាមាន ។ កម្ពុជាមានប្រាសាទអង្គរវត្តដែលប្រទេសនានាគ្មាននោះឡើយ ។

ដូច្នេះដើម្បីចងចិត្តអ្នកទេសចរឱ្យបានមកកម្ពុជាហើយមកម្ដងទៀត គេគួរមានរបស់ផ្សេងក្រៅពីអង្គរវត្ត ។ នៅសៀមរាប គួរជាទីដែលមានលក់មុខម្ហូបខ្មែរដែលមានរសជាតិឆ្ងាញ់ និងមានលក្ខណៈពិសេស ជាអត្តសញ្ញាណខ្មែរផ្តាច់មុខ ដែលប្រទេសផ្សេងគ្មានឡើយ ។ ម្ហូបដែលជារបស់ខ្មែរនោះ គួរតែឆ្ងាញ់មានអនាម័យ សុវត្ថិភាព និងមានតម្លៃថោក ។ ម្ហូបខ្មែរគួរតែពិសេសដែលគេមកខ្មែរមិនអាចរំលងបាន ។ អ្នកទេសចរត្រូវការអ្វីដែលប្លែក ។ នៅប្រទេសជិតខាងកម្ពុជា គេមានអាហារថោកសម្បូរបែប ។ ដូច្នេះនៅពេលទេសចរទៅដល់ប្រទេសនោះ គេសប្បាយចិត្ត និងដើរទទួលទានអាហារតាមចិញ្ចើមផ្លូវដែលឆ្ងាញ់ និងមានតម្លៃថោក ហើយមាន អនាម័យអាចទទួលយកបាន ។ នៅកម្ពុជាគួរមានលក់វត្ថុអនុស្សាវរីយ៍ដែលបង្ហាញអត្តសញ្ញាណខ្មែរអាចជារបស់សិប្បកម្មចម្លាក់ ឬរបស់របស់ធ្វើពីរុក្ខជាតិ មានធ្វើពីឫស្សី វល្លិ៍ ផ្តៅ ដែលសុទ្ធសឹងខ្មែរមានជំនាញក្នុងការកែច្នៃ និងបានផលិតរួចមកហើយ ។

គេគ្រាន់ច្នៃធ្វើយ៉ាងណាផលិតរបស់ទាំងនោះឱ្យបានច្រើន មានគុណភាពមានសោភណភាព និងមានតម្លៃសមរម្យ ។ លក់ឱ្យបានច្រើន ផ្សព្វផ្សាយឱ្យទូលំទូលាយទើបជាការទាក់ទាញ ។ របស់របរដែលជាស្នាដៃខ្មែរ បច្ចុប្បន្នមានតម្លៃខ្ពស់ ។ ដូច្នេះអ្នកទេសចរកមកម្ពុជាទិញវត្ថុអនុស្សាវរីយ៍ ដែលខ្មែរនាំចូលពីបរទេសមកលក់តែប៉ុណ្ណោះ ។ កម្ពុជាគួរកែច្នៃគ្រឿងហូបចុកពីកសិផលដែលកសិករខ្លួនបានដាំដុះទៅតាមរដូវកាល ។

គេបានដឹងថា នៅរដូវស្វាយទុំ ស្វាយនៅកម្ពុជាទុំជ្រុះចោល គ្មានតម្លៃប៉ុន្តែគេពុំទាន់ឃើញមានការកែច្នៃស្វាយទុំទៅជាបង្អែម និងភេសជ្ជៈ ដើម្បីលក់ជូនអ្នកទេសចរទទួលទានក្នុងតម្លៃថោក និងឆ្ងាញ់នៅក្នុងរដូវស្វាយសម្បូរណាស់ ។ បើសិនជាលក់ស្វាយទុំ ដែលគ្មានការកែច្នៃអ្វីទាំងអស់នោះក៏មិនថោកប៉ុន្មានដែរ ខណៈស្វាយនៅតាមចម្ការទុំគ្មាន អ្នករើសផងនោះ ។ ក្រៅពីស្វាយខ្មែរនៅមានល្ពៅ ដូង អំពៅ ក្រូច ទុរេន និងកសិផលជាច្រើនទៀតមានទាំងផ្លែឈើ និងបន្លែ ដែលគេអាចច្នៃជាមួយការបង្កប់នូវអត្តសញ្ញាខ្មែរ ដូចជា ការវេចខ្ចប់ជាដើមដើម្បីទាក់ទាញអ្នកទេសចរ ។

ដូចបានលើកឡើងពីខាងលើអ៊ីចឹង អ្នកទេសចរមកកម្ពុជា ចង់ស្គាល់ខ្មែរ ចង់ស្គាល់ម្ហូបខ្មែរ ចង់ដឹង ពីការរស់នៅរបស់ខ្មែរ ចង់ដឹងពីផលិតផលដែលខ្មែរធ្វើបាន ។ ចូរបង្ហាញផលិតផលខ្មែរដែលមានគុណភាពខ្ពស់ និងស្នាមញញឹមគ្រប់ទីកន្លែង ដើម្បីទាក់ទាញអ្នកទេសចរ ។ កុំយករបស់បរទេសលក់ឱ្យអ្នកទេសចរពីព្រោះរបស់ទាំងអស់នោះអ្នកទេសចរបានស្គាល់ និងបានទិញនៅប្រទេសគេអស់ ហើយមុនគេបានមកដល់កម្ពុជានោះ ៕

ដកស្រង់ពី៖កោះសន្តិភាព