វិ​ស័​យ​ទេសចរណ៍​នៅ​សៀមរាប​ងើបឡើង​វិញ​ជាមួយនឹង​ការ​ជំរុញ​ការ​លើក​តម្កើង​កិត្យានុភាព

វិស័យទេសចរណ៍នៅខេត្តសៀមរាបបានងើបឡើង ខណៈក្រសួងទេសចរណ៍បានដាក់ចេញការអភិវឌ្ឍវិស័យទេសចរណ៍ដែលមានចក្ខុវិស័យច្បាស់លាស់ ដើម្បីចូលរួមលើកកម្ពស់ដល់កិត្យានុភាពនិងភាពធន់របស់កម្ពុជាតាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅឈានមុខប្រកបដោយភាពសម្បូរបែប។

នៅក្នុងសន្និសីទសារព័ត៌មាននៅប្រាសាទអង្គរវត្តពីម្សិលមិញ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ស្ថានភាពរួមនៃវិស័យទេសចរណ៍បានងើបឡើងវិញក្នុងទ្រង់ទ្រាយមិនដូចកាលពីមុខការរាតត្បាតជំងឺកូវិដ-១៩ទេ។

លោកថា ការងើបឡើងវិញទេសចរអន្តរជាតិយឺតជាងទេសចរក្នុងស្រុក ហើយលោកកំពុងជំរុញភាពទាក់ទាញសម្រាប់ទេសចរជាតិនិងអន្តរជាតិ ដើម្បីវិលមករកប្រក្រតីភាពទេសចរឡើងវិញ។

លោកបាននិយាយថា៖ «ក្នុងឆ្នាំនេះការងើបឡើងវិញទេសចរអាចឈានដល់៨០%នៃកំណើនទេសចរចិន។ ចំពោះប្រភពទេសចរអន្តរជាតិក៏អាចងើបឡើញវិញដូចគ្នា។ ទេសចរនឹងមកទទួលបទពិសោធពិសេសៗពីកម្ពុជាពាក់ព័ន្ធនឹងទេសចរវប្បធម៌នៅខេត្តសៀមរាប ក៏ដូចជាខេត្តជុំវិញសៀមរាប»។

លោកកត់សម្គាល់ផងដែរថា ទេសចរចូលទស្សនារមនីយដ្ឋានអង្គរមានកើនឡើងច្រើនជាមធ្យមក្នុងមួយថ្ងៃជិត ៥០០០នាក់។ ទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថាទេសចរអាចវិលត្រឡប់មកវិញជាបន្តបន្ទាប់។ ដូច្នេះពលរដ្ឋដែលរំពឹងចំណូលពីវិស័យទេសចរណ៍នឹងអាចមានឱកាសបន្ថែមទៀត ដើម្បីផ្គត់ផ្គង់លើប្រតិបត្តិការធុរកិច្ច ក៏ដូចជាការទ្រទ្រង់ជីវភាពរបស់ពលរដ្ឋនៅក្នុងខេត្តសៀមរាប។

លោកបានបន្ថែមថា ក្រសួងកំពុងខិតខំតភ្ជាប់ទីផ្សារអាទិភាពសំខាន់ៗ ដូចជាការតភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា និងកំពុងខិតខំបន្ថែមទៀតសម្រាប់បណ្ដាប្រទេសមានសក្ដានុពលផ្សេងៗទៀតមកកម្ពុជា។

លោកបន្ថែមទៀតថា ក្រសួងទេសចរខិតខំបង្កើតព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដើម្បីផ្សព្វផ្សាយនិងបង្កើនភាពទាក់ទាញសម្រាប់ទីផ្សារទេសចរណ៍កម្ពុជាដែលបានតភ្ជាប់ទៅកាន់ទីផ្សារឥណ្ឌា។

លោកបានថ្លែងថា៖ «ភាពរួសរាយរបស់ប្រជាជនកម្ពុជាដែលផ្ដល់ជូនដល់ទេសចរ គឺកត្តាដ៏ធំមួយចូលរួមទាក់ទាញទេសចរមកទស្សនាកម្ពុជាម្ដងហើយម្ដងទៀត។ លើសពីនេះទៀតឧស្សាហកម្មទេសចរត្រូវចូលរួមជាមួយក្រសួងទេសចរណ៍ខិតខំសម្របសម្រួលលើការកំណត់ទាំងតម្លៃនិងគុណភាពសេវាកម្ម»។

ជាមួយនឹងគ្នានោះ លោកថាត្រូវការកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ ដើម្បីបង្កើនផ្សព្វផ្សាយពីកិត្យានុភាព ព្រោះប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ណាស់ក្នុងការជំរុញគោលដៅទេសចរ ប៉ុន្តែការផ្សព្វផ្សាយនោះត្រូវតែឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់កម្ពុជាពិតប្រាកដ។

លោកនិយាយថា៖ «យើងខិតខំបន្ថែមទៀតលើភាពទាក់ទាញតាមរយៈពិពិធកម្មផលិតផលទេសចរណ៍កម្ពុជា។ ពេលយើងមានផលិតផលទេសចរណ៍ច្បាស់លាស់ យើងអាចផ្សព្វផ្សាយទៅកាន់ទីផ្សារអាទិភាពរបស់យើង។ ដូច្នេះធនធានដែលយើងមានអាចវិនិយោគត្រូវចំកន្លែង។ នេះជាការងារមួយដែលខ្ញុំរំពឹងថានឹងអាចជំរុញបន្ថែមទៀត ដែលអាចធានាបានប្រសិទ្ធភាពនៃការផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយពីកិត្យានុភាពជាក់ស្ដែងរបស់កម្ពុជា»។

កម្ពុជាជាគោលដៅទេសចរណ៍ដែលមានប្រជាជនមានភាពរាក់ទាក់ខ្ពស់ក្នុងការផ្ដល់បដិសណ្ឋាកិច្ចល្អជូនដល់ទេសចរជាតិនិងអន្តរជាតិ។

ក្រសួងទេសចរណ៍មានចក្ខុវិស័យជំរុញវិស័យទេសចរណ៍ ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខមួយតាមរយៈការលើកកម្ពស់កិត្យានុភាពនិងភាពធន់កម្ពុជា។ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងទេសចរណ៍ខិតខំបង្កើតបរិយាកាសអំណោយផលមួយ ដើម្បីជំរុញកម្ពុជាជាគោលដៅទេសចរណ៍មានការប្រកួតប្រជែងកម្ពស់។ ជាមួយគ្នានេះក្រសួងបានកំណត់ការបង្កើន៥និងការអភិវឌ្ឍ៣។

លោក សុខ សូកេន បានបញ្ជាក់ថា ក្រសួងទេសចរណ៍រៀបចំការបង្កើនកិត្យានុភាពលើឆាកអន្តរជាតិដែលទាមទារការចូលរួមធ្វើជាមួយភាគីពាក់ព័ន្ធ ការបង្កើនការផ្សព្វផ្សាយកម្ពុជាទៅលើទីផ្សារអន្តរជាតិ ការបង្កើនការសម្រួលបដិសណ្ឋាកិច្ច ការបង្កើនផលិតផលទេសចរណ៍ និងការបង្កើនឧស្សាហកម្មទេសចរណ៍។ ចំណែកការអភិវឌ្ឍបីសំដៅដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍរចនាសម្ព័ន្ធស្ថាប័ន និងការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍កម្ពុជា។

លោកបានរំលេចថា រដ្ឋាភិបាលកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ សៀមរាប និងប៉ោយប៉ែត។ នេះជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

លោកថា៖«ក្នុងចង្កោមការងារនេះមិនមែនពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវទេ តែការសម្រួលដល់ទេសចរពេលចូលមកទស្សនាកម្ពុជាបានទទួលសេវាទេសចរណ៍ខ្ពស់ ដូចជាផ្លូវធ្វើដំណើរល្អ តម្លៃម្ហូបអាហារសមរម្យនិងមានគុណភាពល្អ និងផលិតផលទេសចរណ៍មានភាពទាក់ទាញជូនដល់ទេសចរណ៍។ វាជាផ្នែកមួយរបស់បដិសណ្ឋាកិច្ច ហើយកម្ពុជាត្រូវផ្ដល់ភាពកក់ក្ដៅជូនទេសចរ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ “បុណ្យទន្លេលើកទី៨” ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ” នៅខេត្តសៀមរាប។

លោកបានថ្លែងក្នុងពិធីនោះថា រដ្ឋាភិបាលបានប្រឹងប្រែងជំរុញការអភិវឌ្ឍនៅនឹងកន្លែង ដើម្បីស្រូបទាញសក្ដានុពលនៅនឹងកន្លែងសម្រាប់លើកកម្ពស់ជីវិតប្រជាជននៅគ្រប់ទីកន្លែង។

លោកថា កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍វិនិយោគនិងពាណិជ្ជកម្មគួរឱ្យទាក់ទាញមួយនៅក្នុងអាស៊ាន ជាពិសេសធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់។

លោកបានមានប្រសាសន៍ថា៖ «ពេលខ្ញុំចូលដល់សៀមរាបមុននេះ ខ្ញុំកត់សម្គាល់ឃើងទេសចររស់រវើកឡើងវិញបន្ទាប់ពីកូវីដ-១៩»។

លោកថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេលពីរបីថ្ងៃមានទេសចរប្រមាណ១៥ម៉ីននាក់ដែលមកទស្សនានៅសៀមរាប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយថា អំឡុងពេលកូវីដ-១៩ រដ្ឋាភិបាលបានប្រែក្លាយវិបត្តិទៅជាឱកាសសម្រាប់ស្ដារនិងកែលម្អរចនាសម្ព័ន្ធនានានៅក្នុងខេត្តសៀមរាប ដើម្បីគាំទ្រដំណើរការឡើងវិញវិស័យទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។ នៅក្នុងនោះរដ្ឋាភិបាលបានស្ថាបនាផ្លូវ៣៨ខ្សែ ការកែលម្អស្ទឹងសៀមរាប និង ហេដ្ឋារចនាសម្ព័ន្ធនានា ដែលធ្វើឱ្យខេត្តសៀមរាបកាន់តែមានភាពទាក់ទាញច្រើនជាងពីពេលមុន។

លោកថ្លែងថា សមិទ្ធផលថ្មីទាំងនេះបានបំពេញថាមពលបន្ថែមដល់វិស័យទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រ។

លោកបន្ថែមថា៖ «ពេលកូវីដ-១៩ អាជ្ញាធរជាតិអប្សរាបានយកឱកាសនេះជួសជុលនិងកែប្រែហេដ្ឋារចនាសម្ព័ន្ធរមនីយដ្ឋានអង្គរកាន់តែមានភាពច្រើនជាងពីពេលមុន ជាពិសេសបានសម្រេចសមិទ្ធជាច្រើន ដូចជាការជួសជុលប្រាសាទបុរាណ ការរៀបចំនៅបរិវេណមុខប្រាសាទអង្គររឹតតែមានសោភ័ណភាព»។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ កម្ពុជាបានទទួលទេសចរប្រមាន៥.៤លាននាក់ក្នុងឆ្នាំ២០២៣ក្នុងអត្រាកំណើន១៣៩%ប្រៀបធៀបឆ្នាំ២០២២។

តាមការព្យាករណ៍ ការងើបឡើងវិញវិស័យទេសចរណ៍អាចវិលត្រឡប់មកប្រក្រតីភាពវិញនាពេលដ៏ខ្លីខាងមុខ ដែលតម្រូវឱ្យភាគីពាក់ព័ទ្ធទាំងអស់រួមទាំងឧស្សាហកម្មទេសចរណ៍ត្រូវត្រៀមលក្ខណៈផ្ដល់សេវាដ៏មានគុណភាពនិងឆ្លុះបញ្ចងពីភាពទាក់ទាញកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខដូចការរំពឹងទុកដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងកន្លងមកនិងឆ្លើយតបនឹងការចាំបាច់នាពេលអនាគត។

ក្រៅពីទស្សនាប្រាសាទបុរាណដ៏មានសក្ដានុពល ខេត្តសៀមរាបក៏មានទីតាំងទស្សនាដ៏ពេញនិយមជាច្រើន ដូចជា Angkor Wild & Aquarium, សហគមន៍ទេសចរណ៍ បេតិកភណ្ឌ ព្រះដាក់, និងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកជាដើម។

លោក សាង គង់ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានលើកឡើងថា តំបន់នេះមានសក្ដានុពលនិងមានភាពទាក់ទាញទេសចរមកទស្សនា។ ពួកគេអាចទស្សនាទេសភាពក្នុងភូមិ ទស្សនា ជីវភាពរស់នៅរបស់ប្រជាជន ជិះទូកកម្សាន្តព្រៃលិចទឹក និងទស្សនាទេសភាពតាមមាត់ទន្លេ ក៏ជាទស្សនាថ្ងៃលិចជាដើម។

លោកថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកស្ថិតនៅឆ្នាំ២០១៣ ស្ថិតនៅប៉ែកលិចក្រុងសៀមរាប។ ទេសចរ ដែល បាន ទៅ ទី នោះ ច្រើន ចំណាយ ពេល អុំ ទូក កម្សាន្ត ទស្សនា កសិដ្ឋាន ចិញ្ចឹម ក្រពើ ការ បង់ សំណាញ់ របស់ ប្រជា នេសាទ និង ជីវភាព រស់នៅ ក្នុង ភូមិ រួម មាន សាលារៀន វត្ត អារាម និង លំនៅឋានបណ្ដែតទឹកគួរជាទីគយគន់។

លោកបាននិយាយថា សព្វថ្ងៃកំពង់ភ្លុកបានក្លាយ ទៅជា កន្លែង ដែលមាន ការទាក់ទាញ បំផុត ពី សំណាក់ ភ្ញៀវទេសចរ ពិសេស គឺ ភ្លៀវ ទេសចរ អន្តរជាតិ ដែល ពួកគេ បាន ទស្សនា ម្តង ហើយ ចង់ទៅទស្សនា ម្តងទៀត។

លោកបន្ថែមថា៖ «ពលរដ្ឋនៅទីនេះ៣០%ប្រកបរបរនេសាទ និងក្រៅទីនោះពួកគេប្រើទូកដឹកភ្ញៀវទេសចរកម្សាន្តតាមព្រៃលិចទឹកនៅបឹងទន្លេសាប ដើម្បីផ្គត់ផ្គង់ជីវភាព៕

ដកស្រង់ពី៖ ខ្មែរថាមស៍