មកដឹងចំនួនភ្ញៀវទេសចរ ដើរលេងកម្សាន្ត​ក្នុងពិធីបុណ្យទន្លេ នៅខេត្តសៀមរាប រយៈពេល ៣ថ្ងៃ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញឱ្យដឹងថា ពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបប្រមាណ ៥៥៣ ៧៩៤ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ៣៣ ៧៧០ នាក់ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានប្រមាណ ៥២០ ០០០ នាក់។

សូមជម្រាបថា បុណ្យទន្លេលើកទី៨នេះ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ជាមួយនឹងការប្រកាសបើកយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤” ប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។

បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត៕

ដកស្រង់ពី៖Sabay News