ព្រះអាទិត្យ​នឹង​រះ​ឡើង​ចំ​កំពូល​ប្រាសាទ​កណ្ដាល​នៃ​អង្គរវត្ត​នឹង​កើតឡើង​នៅ​ស​ប្តាហ៍​ក្រោយ

សមរាត្រី ជាបាតុភូតធម្មជាតិពេលព្រះអាទិត្យរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្តដែលនឹងកើតឡើងនៅថ្ងៃទី ២១ ខែមីនា ខាងមុខ។

ព័ត៌មាននេះត្រូវបានអាជ្ញាធរជាតិអប្សរាផ្សព្វផ្សាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែមីនា ដោយបន្ថែមថា ព្រឹត្តិការណ៍ផ្សារភ្ជាប់ជាមួយនឹងស្ថាបត្យកម្មនៃប្រាសាទអង្គរវត្តដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រខ្មែរ។

បើតាមប្រភពដដែល ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅប្រាសាទអង្គរវត្តនេះ តែងតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់ ដែលចង់ទស្សនា និងចាប់យកឱកាសដ៏អស្ចារ្យនេះទុកជាអនុស្សាវរីយ៍។

សមរាត្រី (Equinox) គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា មិនដូចខែធម្មតាខ្លះទេ ដែលពេលយប់វែងជាងថ្ងៃ ឬថ្ងៃវែងជាងពេលយប់។

ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្តមិនមែនជារឿងចៃដន្យនោះទេ វាជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរដែលបានរៀបចំស្ថាបត្យកម្មប្រាសាទអោយស្របទៅនឹងបាតុភូតធម្មជាតិនេះដើម្បីអោយព្រះអាទិត្យរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត។

ព្រឹត្តិការណ៍ថ្ងៃរះពិសេសនេះ កើតឡើងពីរដងក្នុងមួយឆ្នាំ គឺនៅខែមីនា (និទាឃរដូវ ឬ Vernal Equinox) និងក្នុងខែកញ្ញា (សរទរដូវ Equinox)។

ដកស្រង់ពី៖ ខ្មែរថាមស៍