ព្រឹត្តិការណ៍​ថ្ងៃរះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នា​ខែ​មីនា​មកដល់​ទៀតហើយ​

នាវេលាព្រលឹមស្រាងៗថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ព្រះអាទិត្យនឹងរះឡើង កាត់ តាមកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត។ ជាព្រឹត្តិការណ៍មហស្ចារ្យរបស់អង្គរវត្ត តែងបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញហេតុការណ៍នេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។

អ្នកស្រាវជ្រាវហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើ សិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ព្រះអាទិត្យនេះជាអច្ឆរិយការណ៍របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មី នោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវ ធ្លាប់បានធ្វើឡើង ជាបន្តបន្ទាប់ ខ្លះៗមកហើយ។

បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុន ផ្នែកតារាសាស្រ្ត នៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត៕

ដកស្រង់ពី៖ ខ្មែរថាមស៍