មន្ដ្រី៖ ផ្លូវទៅកាន់តំបន់ទេសចរណ៍ នៅខេត្ដក្រចេះ ដែលកំពុងសាងសង់ពង្រីក គ្រោងនឹងបញ្ចប់រួចរាល់មុនផែនការ ដើម្បីសម្រួលដល់ការធ្វើដំណើរ

(ក្រចេះ)៖ ផ្លូវទៅកាន់តំបន់ទេសចរណ៍ បាននឹងកំពុងធ្វើការសាងសង់ពង្រីក ឲ្យបានរួចរាល់មុនផែនការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិត ផលកសិកម្មរបស់ប្រជាពលរដ្ឋ។

នេះបើតាមការលើកឡើងរបស់លោក ផែង សុវិជ្ជនោ រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នៅក្នុងដំណើរការចុះត្រួត ពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកផ្លូវថ្នល់ នៅក្នុងខេត្តក្រចេះ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤។

លោក ផែង សុវិជ្ជនោ បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៧ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ត្រូវបានស្តារឡើងវិញ ក្រោមកម្ចីរបស់រាជរដ្ឋាភិបាលកម្ពុជា ពីធនាគារពិភពលោក (WB) ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាម្ចាស់គម្រោង ។

ជាមួយគ្នានោះ ក្រុមការងាររបស់ក្រសួង ក៏បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខេត្តលេខ ៣៧៧ ពីរង្វង់មូលព្រាបសទៅទីរួម ស្រុកសំបូរប្រវែង ៣៥.៥ គីឡូម៉ែត្រ ដែលមានស្ពាន៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ និងផ្លូវខេត្តលេខ៣៧៧A ពីឃុំសណ្ដាន់ឆ្ពោះទៅផ្លូវជាតិលេខ៧ ប្រវែង១៣.៥ គីឡូម៉ែត្រ សម្រេចបានលទ្ធផល ៣២.៥៧% គិតត្រឹមខែកុម្ភៈនេះ។

ដោយឡែកផ្លូវជាតិលេខ៧ ប្រវែង៣១.២៤ គីឡូម៉ែត្រ ជាប្រភេទ AC សម្រេចបានប្រមាណ ២០% គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងទាំងនេះ អនុវត្តដោយក្រុមហ៊ុន សាងសង់ចិន។ លោក ផែង សុវិជ្ជនោ នាយកគម្រោង ក៏បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សូមមានការយល់យោគអធ្យាស្រ័យ ចំពោះកិច្ចដំណើរការសាងសង់របស់ក្រុមហ៊ុន ដែលប៉ះពាល់ ឬរំខានដល់ការរស់នៅ និងរបបប្រចាំថ្ងៃរបស់បងប្អូន គឺគោលបំណង ធ្វើយ៉ាងណាឲ្យដំណើរការបានបញ្ចប់មុនផែនការ ឆាប់ទទួលបានផ្លូវល្អប្រើប្រាស់ និងបានស្នើដល់ក្រុមហ៊ុនសាងសង់ និងក្រុមបច្ចេកទេសផ្លូវស្ពាន សូមយកចិត្តទុកខ្ពស់ក្នុងការប្រើប្រាស់សម្ភារៈបច្ចេកទេស ដើម្បីឲ្យដំណើរការសាងសង់ប្រកបដោយគុណភាពខ្ពស់ និងប្រើប្រាស់បានយូរអង្វែង៕

ដកស្រង់ពី៖Fresh News