ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បាន​កោតសរសើរ​កម្ពុជា​ថា ​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​បំផុត​

អ្នកនិពន្ធល្បីមួយរូប គឺ លោក Sean Thomas បានដាក់ឈ្មោះប្រទេសកម្ពុជាថាជា “ប្រទេសដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក” នៅក្នុងទស្សនាវដ្តីដ៏ល្បីល្បាញឈ្មោះ The Spectator។ ដំណឹងដ៏គួរអោយអស្ចារ្យនេះបានបង្កើនភាពល្បីល្បាញនៃវិស័យទេសចរណ៍ និងធ្វើដំណើររបស់ព្រះរាជាណាចក្រកម្ពុជា។

អ្នកស្រី Catherine Germier-Hamel ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Millennium Destinations ប្រាប់ខ្មែរថាមស៍កាលពីថ្ងៃអាទិត្យថា “អត្ថបទលើកសរសើរអំពីប្រទេសកម្ពុជាពីអ្នកនិពន្ធបរទេស គឺពិតជាមានប្រយោជន៍សម្រាប់កម្ពុជា” ។ លោកស្រីបានបន្ថែមថា៖ «ការលើកឡើងដូច្នេះ គឺជាការផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព អំពីប្រទេសកម្ពុជាដោយទទួលបានភាពវិជ្ជមានពីអ្នកមានឥទ្ធិពល»។

អ៊ុំ សុវណ្ណធីតា ប្រធានផ្នែកផ្នែកលក់នៃ Royal Sands Koh Rong Resort បាននិយាយថា កម្ពុជាពិតជាប្រទេសដ៏ស្រស់ស្អាត ដែលពោរពេញទៅដោយទេសភាព ផ្កា និងសត្វប្លែកៗដ៏អស្ចារ្យ។ ប្រជាជនតែងតែបង្ហាញស្នាមញញឹមដ៏ស្រស់ស្អាតជាមួយនឹងវប្បធម៌ដ៏សម្បូរបែប និងម្ហូបអាហារដ៏គួរឱ្យទាក់ទាញ។ កម្ពុជាជាប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការទៅទស្សនា ដែលនាំមកនូវការចាប់អារម្មណ៍កាន់តែច្រើនដល់ភ្ញៀវទេសចរអង់គ្លេស និងភ្ញៀវទេសចរផ្សេងទៀតនៅជុំវិញពិភពលោកដែលចង់ស្វែងយល់ពីប្រទេសកម្ពុជាបន្ថែមទៀត។

លោក Alexis de Suremain ស្ថាបនិកម៉ាកយីហោ Maads បាននិយាយថា “ខ្ញុំមិនច្បាស់ថាតើប្រទេសកម្ពុជាជាប្រទេសល្អបំផុតសម្រាប់វិស័យទេសចរណ៍ឬយ៉ាងណាទេ ប៉ុន្តែសម្រាប់ខ្ញុំ កម្ពុជាពិតជាប្រទេសល្អបំផុតក្នុងការរស់នៅ”។ លោកបានបញ្ជាក់ថា គាត់ដឹងពីហេតុផលដែលគាត់មករស់នៅទីនេះ ហើយមិនចង់ទៅរស់នៅក្នុងប្រទេសណាផ្សេង ដែលគាត់បានទៅលេងរហូតមកដល់ពេលនេះ។ លោកបានសរសើរកម្ពុជាចំពោះការផ្តល់ឱកាសសម្រាប់ភាពច្នៃប្រឌិត និងការទទួលស្វាគមន៍ពីប្រជាជន មិនដូចអ្វីដែលយើងធ្លាប់បានឃើញ នៅទីកន្លែងនានាផ្សេងទៀតនៅក្នុងពិភពលោក។

អ៊ុំ សុវណ្ណធីតាសង្ឃឹមថា ទាំងវិស័យឯកជន ក៏ដូចជារដ្ឋាភិបាលនឹងខិតខំផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានច្រើន។ នេះអាចសម្រេចបានដោយការជួយគ្នាទៅវិញទៅមកកាន់តែច្រើនឡើង តាមរយៈការនាំយកគំនិតថ្មីៗ និងការច្នៃប្រឌិត ដើម្បីទាក់ទាញការចាប់អារម្មណ៍កាន់តែច្រើនចំពោះប្រទេសដ៏ស្រស់ស្អាតនេះ ដែលមានអ្វីៗជាច្រើនផ្តល់ដល់ពិភពលោក។

ឮSuremain បាននិយាយថា “ការមើលឃើញកាន់តែច្បាស់នូវអ្វីដែលកម្ពុជាផ្តល់ឱ្យ គឺអស្ចារ្យ ហើយការផ្តល់ឱ្យកាន់តែច្រើន គឺកាន់តែប្រសើរ” ។ លោកបន្តថា៖ « ខ្ញុំសង្ឃឹមថា ការផ្សព្វផ្សាយនឹងរួមចំណែកធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានភាពល្បីល្បាញនៅបរទេស»។

អ៊ុំ សុវណ្ណធីតា ក៏បានលើកឡើងអំពីកត្តាសុវត្ថិភាពដើម្បីជំរុញការរំពឹងទុកឲ្យកាន់តែខ្លាំង។ គាត់បានបន្តថា៖ «ដោយធានាសុវត្ថិភាពអ្នកធ្វើដំណើរ និងធ្វើឱ្យប្រាកដថាអ្នករាល់គ្នាមានភាពសប្បាយរីករាយ និងសុវត្ថិភាពគ្រប់ពេលវេលា»។

The Spectator ជាទស្សនាវដ្តីដែលមានអាយុកាលចំណាស់ជាងគេបំផុតរបស់ពិភពលោក ដែលត្រូវបានបង្កើតឡើងតាំងពីខែកក្កដា ឆ្នាំ១៨២៨។ ក្រុមប្រឹក្សាភិបាលនិពន្ធ មានដូចជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson លោក Ian Gilmour និង លោក Nigel Lawson ។

ដកស្រង់ពី៖ ខ្មែរថាមស៍