សាលាគេផ្សេង​ធ្វើសង្ក្រាន្ត! ចុះ​សាលាមធ្យមវិចិត្រ​សិល្បៈ រៀបចំ​កម្មវិធីអ្វីដែរ ដើម្បីអបអរចូលឆ្នាំខ្មែរខាងមុខនេះ?

សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ជូនសាធារណជនទូទៅក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។

នេះបើតាមការចុះផ្សាយរបស់ផេកសាលាមធ្យមវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងកម្មវិធីនេះគឺមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ) ដើម្បីបង្ហាញជូននូវសិល្បៈវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ (ការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ (រូបី និងអរូបី) គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប)៕

ដកស្រង់ពី៖sabay News