ផ្លូវទៅឆ្នេរនេសាទ ខេត្តកោះកុង សម្រេចការសាងសង់បាន​ពាក់កណ្តាលហើយ អាចដាក់គម្រោង​ដើរលេង​សម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះបាន

ផ្លូវចូលទៅកាន់ឆ្នេរនេសាទប្រវែង ២០គីឡូម៉ែត្រ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង កំពុងសាងសង់សម្រេចបានជាង ៤៥% គិតត្រឹមខែកុម្ភៈ ដោយគ្រោងនឹងបញ្ចប់ ១០០% នៅចុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ផ្លូវមួយខ្សែនេះត្រូវបានស្ថាបនាក្រាលកៅស៊ូ ២ជាន់ប្រភេទ DBST ប្រវែងប្រមាណ ២០គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ មានចិញ្ចើមផ្លូវសងខាងប្រវែង ១ម៉ែត្រ មានសំណង់ស្ពានចំនួន ៣កន្លែង លូប្រអប់ចំនួន ៥កន្លែង លូមូលចំនួន ២០កន្លែង។

ផ្លូវនេះតភ្ជាប់ពីផ្លូវបំបែកសាលាស្រុកស្រែអំបិល ក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ទៅដល់ឆ្នេរនេសាទ ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្ថិតក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមជម្រាបជូនផងដែរថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលអនុវត្តក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តប៉ៃលិន កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកោះកុង៕

ដកស្រង់ពី៖ Sabay News