បុគ្គលិកមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ចូលរួមយ៉ាងសកម្មនៅក្នុងជំរឿនសត្វក្រៀលថ្នាក់ជាតិ

បុគ្គលិកមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ចូលរួមយ៉ាងសកម្មនៅក្នុងជំរឿនសត្វក្រៀលថ្នាក់ជាតិ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងតំបន់សត្វស្លាបសំខាន់សេសាន (IBA) ខេត្តស្ទឹងត្រែង។

យោងតាម ACCB ដែលបានបង្ហោះនៅលើ Facebook កាលពីចុងខែមុន បានបញ្ជាក់ថា ជំរឿនពីខែធ្នូ ដល់ខែឧសភា គឺធ្វើឡើងនៅពីរថ្ងៃចុងក្រោយនៃខែនីមួយៗ។

លើសពីនេះ ក្នុងរយៈពេលពេញមួយឆ្នាំ បុគ្គលិក ACCB តែងតែសហការជាមួយអ្នកភូមិ និងកសិករក្នុងតំបន់ ដើម្បីប្រមូលព័ត៌មានអំពីកន្លែងចិញ្ចឹមសត្វក្រៀល ដ៏ពេញនិយមនៅក្នុងតំបន់នេះ។

“សមាជិកបុគ្គលិករបស់យើងបានធ្វើការសង្កេតសត្វក្រៀល មួយគូនៅទីតាំងមួយក្នុងចំណោមទីតាំងទាំងនេះក្នុងអំឡុងពេលជំរឿនក្នុងខែមករា និងកុម្ភៈ។

ដោយសារឱនភាពនៃទីជម្រកសត្វក្រៀលនៅស្រុកសេសានដែលបណ្ដាលមកពីការកើនឡើងនៃសកម្មភាពកសិកម្ម រួមផ្គួបផ្សំជាមួយនឹងអវត្តមាននៃស្ថានភាពការការពារជាផ្លូវការថែមទៀតផង តំបន់នេះបំពេញមុខងារជាទីតាំងធ្វើសំបុក និងទីកន្លែងរកចំណីដ៏សំខាន់សម្រាប់របាយប្រជាសាស្ត្រសត្វក្រៀលមួយចំនួនតូចនៅក្នុងស្រុកនេះ ដូច្នេះហើយវត្តមានសត្វក្រៀលមួយគូនេះ គឺជាការស្វាគមន៍យ៉ាងរំភើបរីករាយសម្រាប់ក្រុមការងាររបស់យើងខ្ញុំ។

បច្ចុប្បន្ន សត្វក្រៀល ត្រូវបានចុះបញ្ជីថាជាប្រភេទសត្វរងការគំរាមកំហែង ក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដែលមានប្រភេទរងចំនួនបីប្រភេទ រួមមានសត្វក្រៀល Grus Antigone sharpii ដែលមានវត្តមាននៅកម្ពុជា គឺជាប្រភេទរងការគំរាមកំហែងបំផុតក្នុងចំណោមប្រភេទរងទាំងបី។

នៅក្នុងប្រទេសកម្ពុជា ចំនួនប្រជាសាស្ត្រសត្វក្រៀល Grus Antigone sharpii ភាគច្រើនប្រមូលផ្តុំនៅតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើង ហើយនៅឆ្នាំ ២០២៣ មានសត្វក្រៀល Grus Antigone sharpii ចំនួនតិចជាង ១០០គូ ដែលត្រូវបានសង្កេតឃើញមានសម្បុកនៅទូទាំងប្រទេស។

ទិន្នន័យដែលប្រមូលបានក្នុងអំឡុងពេលនៃការធ្វើជំរឿននេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ក្នុងនាមជាអ្នកចូលរួមយ៉ាងសកម្មនៃក្រុមការងារអភិរក្សសត្វក្រៀលកម្ពុជា (CSCWG) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មានគោលបំណងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើជំរឿនសត្វក្រៀលថ្នាក់ជាតិ។ តាមរយៈការផ្តល់ទិន្នន័យអំពីចំនួនសត្វក្រៀលមួយក្បាលៗនៅក្នុងស្រុកសេសាន ពួកយើងព្យាយាមបង្កើនការយល់ដឹងរបស់យើងអំពីស្ថានភាពទូទៅនៃចំនួនប្រជាសាស្ត្រសត្វក្រៀល ក្នុងចំណោមសត្វក្រៀលទាំងអស់នៅប្រទេសកម្ពុជា៕

ដកស្រង់ពី៖ ខ្មែរថាមស៍