វិស័យទេសចរណ៍គឺជាវិស័យអាទិភាពមួយ ដែលមេដឹកនាំកម្ពុជាបានពិភាក្សាជាមួយមេដឹកនាំនៃប្រទេសមួយចំនួន

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានមានប្រសាសន៍ថា ជាមួយប្រទេសម្ចាស់ផ្ទះអូស្ត្រាលី កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីបង្កើនទំនាក់ទំនងក្នុងវិស័យទេសចរណ៍។

លោកថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្តីពីលទ្ធផលនៃការចូលរួមរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានបន្ថែមថា កម្ពុជា និងវៀតណាមបានព្រមព្រៀងគ្នាជំរុញការអនុវត្តគំនិតផ្តួចផ្តើមប្រទេសបី គោលដៅតែមួយ ហើយជាមួយសិង្ហបុរី ប្រទេសទាំងពីរនឹងលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីភ្ញៀវទេសចរនៃប្រទេសទាំងពីរអាចស្តារឡើងវិញ បានឆាប់រហ័ស បន្ទាប់ពីវិបត្តិកូវីដ-១៩។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបន្តមានប្រសាសន៍ថា កម្ពុជា និងឥណ្ឌូនេស៊ី បានលើកទឹកចិត្តដល់ស្ថាប័នជំនាញ និងវិស័យឯកជន សិក្សាពីលទ្ធភាពនៃការតភ្ជាប់គោលដៅទេសចរណ៍ នៃប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងហ្វីលីពីន បានបង្ហាញចេតនាចង់ឃើញវិស័យឯកជនរបស់ប្រទេសទាំងពីរធ្វើការរួមគ្នាដើម្បីជំរុញលំហូរទេសចរណ៍ និងស្វែងយល់ពីលទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានលើកឡើងអំពីបញ្ហាសំខាន់ៗផ្សេងទៀត ដែល ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានពិភាក្សាជាមួយមេដឹកនាំប្រទេសជាមិត្តនៅខាងក្រៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។

លោកថាអូស្ត្រាលីនឹងចាប់ផ្តើមបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចអូស្ត្រាលីច្បាស់លាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយគ្រោងនឹងសហការជាមួយកម្ពុជាលើវិស័យកសិកម្ម និងអប់រំ។

រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់សន្និសីទសារព័ត៌មានថា ពាណិជ្ជកម្មក៏ស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សានានា រវាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងមេដឹកនាំនៃបណ្តាប្រទេសផ្សេងទៀតផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៕

ដកស្រង់ពី៖ ខ្មែរថាមស៍