វប្បធម៌​គឺជា​ព្រលឹង​ជាតិ​

ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីម្សិលមិញបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីថែរក្សា និងការពារវប្បធម៌ជាតិ។

ថ្លែងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ និងលើកកម្ពស់ការអភិរក្សវប្បធម៌ នៅគ្រប់កាលៈទេសៈ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា គ្រប់កាលៈទេសៈ មិនថាពេលសប្បាយរីករាយ ឬស្ថិតក្នុងស្ថានភាពលំបាក រាជរដ្ឋាភិបាលកម្ពុជា តែងតែកំណត់យ៉ាងច្បាស់ថា វប្បធម៌ជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពដែលមិនអាចកាត់ថ្លៃបានសម្រាប់មូលដ្ឋានគ្រឹះនៃការពង្រឹងស្មារតីស្នេហាជាតិមាតុភូមិ ពង្រឹងការឯកភាពផ្ទៃក្នុង លើកកម្ពស់ការទទួលស្គាល់ជាសកលអំពីវប្បធម៌ និងអរិយធម៌បុរាណរបស់ប្រទេសជាតិ និងជាប្រភពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

លោកស្រីបានគូសបញ្ជាក់ថា ក្នុងន័យនេះ គោលគំនិតនៃការអភិរក្សដើម្បីអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍សម្រាប់ការអភិរក្សបានក្លាយជាគោលការណ៍យុទ្ធសាស្ត្រច្បាស់លាស់សម្រាប់វិស័យសិល្បៈ និងវប្បធម៌នៅកម្ពុជា។

លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេល៩ឆ្នាំមកនេះ ទិវាវប្បធម៌ជាតិត្រូវបានប្រារព្ធឡើងក្រោមប្រធានបទដូចគ្នាគឺ៖ យុវជនដើម្បីវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងដល់គ្រប់មជ្ឈដ្ឋានអំពីកិច្ចការមិនចេះចប់ ក្នុងការអភិរក្សសិល្បៈ និងវប្បធម៌ជាតិ និងកាតព្វកិច្ចចាំបាច់។

លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិក៏មានសារៈសំខាន់ផងដែរសម្រាប់យុវជនក្នុងការប្តូរវេន និងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃផលប៉ះពាល់នៅក្នុងបរិបទដែលពិភពលោក និងតំបន់ពុំមានរនាំងវប្បធម៌ និងសិល្បៈ ក៏ដូចជាស្ថានភាពវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងសេដ្ឋកិច្ចសង្គម។

ដកស្រង់ពី៖ ខ្មែរថាមស៍