ក្រសួង​ទេសចរណ៍​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៨​ ​នៅ​ខេត្ត​សៀមរាប​

បន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងនៅសាលាខេត្តសៀមរាបក្រោមអធិបតីភាពលោក សុខ សូកេនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៦-១៧ ខែមីនា នៅថ្ងៃពុធនេះ ក្រសួងទេសចរណ៍ រួមនឹងអ្នកជំនាញផ្នែកឧស្សាហកម្មបានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍នេះ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍន៍” ដោយប្រកាន់ខ្ជាប់លើការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយចីរភាព។

ក្នុងចំណោមអ្នកពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ រួមមាន ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តសៀមរាប មន្ទីរសុខាភិបាលខេត្តសៀមរាប អគ្គស្នងការនគរបាលជាតិខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំមូលនិធិអង្គរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៨ នៅថ្ងៃទី១៦ ខែមីនា ព្រមទាំងបើកយុទ្ធនាការទេសចរណ៍ «ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤»។

លោកស្រី Catherine Germier-Hamel ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនMillennium Destinations បាននិយាយថា តាមរយៈការធ្វើដំណើរទៅកាន់តំបន់ផ្សេងៗគ្នាតាមផ្លូវទឹកនៅកម្ពុជា ពិធីបុណ្យទន្លេមានសក្តានុពលក្នុងការក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជួយផ្សព្វផ្សាយអំពីកិត្សានុភាពរបស់ប្រទេស។ វាជួយលើកកម្ពស់ទេសចរណ៍ជលផលប្រកបដោយនិរន្តរភាព ដែលផ្តល់សិទ្ធិអំណាចដល់សហគមន៍នៅតាមដងទន្លេ ជំរុញការយល់ដឹងអំពីបរិស្ថាន នឹងទឹកស្អាតនៅទូទាំងកម្ពុជា។

លោក Alexis de Suremainស្ថាបនិកម៉ាក Maadsបានប្រាប់កាសែតខ្មែរថាមស៍កាលពីថ្ងៃព្រហស្បតិ៍ថា “ទន្លេគឺមានសក្តានុពលបំផុតមួយរបស់ប្រទេសកម្ពុជា” ។ ទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដ៏ល្បីបំផុតទាំងប្រាំពីរនៅលើពិភពលោក ដែលផ្តល់នូវភាពអស្ចារ្យដល់អ្នកដំណើរបែបផ្សងព្រេង និងអ្នកដំណើរផ្សេងទៀតជាច្រើន។ លោកបានបន្ថែមថា ទឹកទន្លេសាបដែលហូបញ្ច្រាស់ និងទំហំរបស់វាប្រែប្រួលប្រាំដងតាមរដូវកាលបានធ្វើអោយទន្លេមួយនេះ មានសក្តានុពលបំផុត។

លោកបានចង្អុលបង្ហាញថា លោកមិនបាននិយាយអំពីរបៀបរស់នៅដ៏ប្លែកអស្ចារ្យរបស់សហគមន៍បណ្តែតទឹកនោះទេ ហើយការពិតវាគឺជាទុនបំរុងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ ទន្លេនេះនឹងក្លាយជាទីតាំងដ៏មានសក្តានុពលមួយដែលរួមចំណែកធ្វើពិពិធកម្មគោលដៅទេសចរណ៍នៅកម្ពុជា។

យោងតាមលោក Craig Dodge ប្រធានផ្នែកទីផ្សារនៃ Phare Circus ការរៀបចំពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប គឺជាឱកាសដ៏អស្ចារ្យមួយដើម្បីបង្ហាញពីភាពរស់រវើករបស់ទីក្រុង បន្ថែមពីលើប្រាសាទល្បីៗ។

លោកបានបន្តថា៖ «ការកែលម្អសួនច្បារមាត់ទន្លេសៀមរាបនាពេលថ្មីៗនេះជាមួយនឹងការរៀបចំទេសភាពដ៏គួរឲ្យទាក់ទាញ និងផ្លូវដើរដែលត្រូវបានកែលម្អរបានបង្កើតនូវទិដ្ឋភាពដ៏ទាក់ទាញសម្រាប់ពិធីបុណ្យ»។ លើសពីនេះ កិច្ចសហការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបជាមួយអ្នកបង្កើតខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុកសន្យាថានឹងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ និងភាពទាក់ទាញក្នុងតំបន់បន្ថែមទៀត។ នេះនឹងជាថ្ងៃចុងសប្តាហ៍ដែលនឹងមិនអាចបំភ្លេចបាន។

ព្រឹត្តិការណ៍ក្នុងខេត្តសៀមរាបនាពេលខាងមុខនេះនឹងកាន់តែមានសារៈសំខាន់ពីព្រោះស្របទៅនឹងការរៀបចំព្រឹត្តិការណ៍2024 Raid Amazones Germier-Hamel ដែលត្រូវបានផ្តួចផ្តើមឡើងនៅក្នុងប្រទេសបារាំង មានការចូលរួមពីស្រ្តី១០០ភាគរយដែលត្រូវទៅប្រកួតប្រជែងនៅតាមប្រទេសផ្សេងៗជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីខ្លួនឯងតាមរយៈកីឡា និងការធ្វើដំណើរ។

ដកស្រង់ពី៖ ខ្មែរថាមស៍