រដ្ឋបាលខេត្តកែប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១២

(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែ រួមជាមួយព្រះសង្ឃ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែបទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤នៅជុំវិញក្រុងកែប។

គួរជម្រាបថា ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជាទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦ រួមមាន៖ ក្រុងកែប ក្រុងកំពត និងខណ្ឌដូនពេញ។

ពិធីប្រកាសជ័យលាភីខាងលើធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

នាឱកាសដង្ហែក្បួននោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានលើកថ្លែងឡើងថា ការរៀបចំពិធីដង្ហែក្បូនអបអរសាទរនេះបានចូលរួមលើកទឹកចិត្ត និងបំផុសឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ចូលរួមថែរក្សាបរិស្ថានអនាម័យ សោភ័ណភាព។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានណែនាំដល់មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធបន្តផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍បន្ថែមទៀត និងបានស្នើដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត បន្តខិតខំរក្សាពានរង្វាន់នេះឲ្យបាននាពេលបន្តបន្ទាប់ទៀត៕

ដកស្រង់ពី៖Fresh News