ខេត្ត​សៀមរាប​ ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ចំនួន​ពី​​​រ​ក្នុង​ខែ​មីនា

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ និងយុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ នៅចុងសប្តាហ៍ក្រោយ។

លោករដ្ឋមន្ត្រីបានបន្ថែមថា យុទ្ធនាការនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែមីនា។

លោកបានលើកឡើងដូច្នេះកាលពីម្សិលមិញ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia)ដឹកនាំដោយលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤ នៅក្រសួងទេសចរណ៍ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ទាំងពីរនេះ ត្រូវបានរៀបចំឡើងដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមនឹងវិស័យឯកជន ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍន៍»។

យោងតាមក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៨ នៅពាក់កណ្តាលខែមីនា នេះ។

ពិធីបុណ្យដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែមីនា នឹងមានការតាំងពិពណ៌ទេសចរណ៍ និងផលិតផលទូទៅ ក៏ដូចជាពិធីបុណ្យអាហារមេគង្គ ជាមួយនឹងសកម្មភាពរីករាយផ្សេងទៀតដូចជា ការប្រគុំតន្ត្រីផ្ទាល់ ការសំដែង និងការបាញ់កាំជ្រួចនៅតាមដងស្ទឹងខេត្តសៀមរាប និងផាប់ស្ទ្រីត។

ដកស្រង់ពី៖ ខ្មែរថាមស៍