ក្រសួង​ទេសចរណ៍​ ​រៀបចំ​ ​សិក្ខាសាលា​ ​បណ្តុះបណ្តាល​ ​អំពី​ ​និន្នាការ​ ​និង​តម្រូវ​ការ​ ​ទេសចរ​ មូ​ស្លី​ម​

នាថ្ងៃទី២៨ ខែកុម្ភៈ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលអំពីនិន្នាការ និងតម្រូវការរបស់ទេសចរមូស្លីម ដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដែលជាផ្នែកមួយ ដើម្បីឱ្យមានការរៀបចំ និងត្រៀមសម្រាប់ការទទួលទេសចរមូស្លីម។

ថ្លែងក្នុង សិក្ខាសាលា បណ្តុះបណ្តាលលោក ប៉ាក់ សុខុម បានគូសបញ្ជាក់ អំពី សក្តានុពល នៃទេសចរណ៍ មូស្លីម ដែលក្រសួងទេសចរណ៍ ចាត់ទុកជា ទីផ្សារមួយដ៏សំខាន់ សម្រាប់គោលដៅកម្ពុជា ។ លោករដ្ឋលេខាធិការ បាន គូសបញ្ជាក់ ថា ដោយសារ កត្តា សុខសន្តិភាព ស្ថេរភាព និងគោលនយោបាយ សុខដុមនីយកម្ម តាំងពីដើមរៀងមក ក្រោម មគ្គុទ្ទេសក៍ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី ក៏ដូចជាការបន្តដឹកនាំប្រកបដោយភាព ប៉ិនប្រសប់ និង ស្វាហាប់ របស់រាជរដ្ឋាភិបាល ក្នុង អណត្តិ ទី៧ នៃរដ្ឋសភានេះ ដែលមាន សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យ កម្ពុជា ក្លាយជាប្រទេស ដែលមានភាព លេចធ្លោ មួយ ទៅកាន់ពិភពនៃ បណ្តាប្រទេសអ៊ីស្លាម ។

លោក ប៉ាក់ សុខុម បន្ថែមថា កិច្ចការនេះ សមស្រប ជាមួយនឹងការដាក់ចេញ នូវ គំនិតផ្តួចផ្តើម របស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក សុខ សូកេន បង្កើន ៥ អភិវឌ្ឍ ៣ (BUILD+3Ds) និងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម របស់ក្រសួងទេសចរណ៍ បានដាក់ចេញកន្លងមក ផងដែរ ដែលនឹងធ្វើឱ្យកម្ពុជា ជាគោលដៅ ដែលផ្តល់ភាពកក់ក្តៅ និងភាព ទាក់ទាញ សម្រាប់ ទេសចរមូស្លីម ។

លោក កាទើ មហាំម៉ាត់ណោសស្រ៊ើ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ទេសចរណ៍ មូស្លីម នៃក្រសួងទេសចរណ៍ បាន ឱ្យដឹងថា ទេសចរមូស្លីម មានតម្រូវការ មួយចំនួន ដូចជា ម្ហូបអាហារហាឡាល ការ បដិសណ្ឋារកិច្ច និងការ ផ្តល់សេវាកម្ម បែបមូស្លីម ជាដើម ទើបទាមទារ ឱ្យ វិស័យ ឯកជន ភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ យល់ដឹង អំពី និន្នាការ និងតម្រូវការ ទាំងនោះ។ ដូច្នេះ វគ្គបណ្តុះបណ្តាល នេះ សំខាន់ណាស់ គឺមានបំណង ចង់ឱ្យ វិស័យឯកជន និងភាគី ពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ យល់ដឹង អំពី តម្រូវការ របស់ ភ្ញៀវមូស្លីម ដើម្បី ងាយស្រួល ឱ្យ មូលដ្ឋានអាជីវកម្មរបស់ពួកគាត់ បានរៀបចំ ទទួល បដិសណ្ឋារកិច្ច ល្អប្រសើរ។

លោក ប្រធានក្រុមការងារ បានបន្ថែមថា ការទាក់ទាញ ទេសចរមូស្លីម មិនត្រឹមតែជំរុញកំណើនទេសចរប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយជំរុញ ការវិនិយោគ ជាពិសេស ការវិនិយោគលើវិស័យហាឡាល ដែលកម្ពុជាជាប្រទេស មានសក្តានុពលស្រាប់ ទាំង កសិកម្ម និង ឧស្សាហកម្ម ។

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើរៀបចំនៅសណ្ឋាគារភ្នំពេញ ដោយមានអ្នកចូលរួម សរុប១៨០នាក់ ដែលក្នុងនោះមានទាំងស្ថាប័នរដ្ឋ និងឯកជន។ ហើយវគ្គបណ្តុះបណ្តាល នេះនឹងបន្ត ធ្វើនៅតាមបណ្តាគោលដៅខេត្តមួយចំនួនទៀត ដូចជា សៀមរាប ព្រះសីហនុ និងខេត្តត្បូងឃ្មុំ ៕

ដកស្រង់ពី៖ ខ្មែរថាមស៍