​ព្រឹត្តិការណ៍​ដង្ហែ​តុក្កតា​យក្ស​ឆ្នាំ​២​០​២​៤​ទាក់ទាញ​ទេសចរ​ ​និង​មហាជន​ច្រើន​កុះករ​

នៅរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៤ ទទួលបានការគាំទ្រច្រើនពីមហាជន ក៏ដូចជាភ្ញៀវទេសចរបរទេសច្រើនកុះករ។

នៅម៉ោងជិត៧យប់ថ្ងៃទី២៤ ខែកុម្ភៈ ក្បួរដង្ហែតុក្កតាយក្ស បានចេញពីវត្តដំណាក់ ឆ្ពោះតាមផ្លូវមាត់ស្ទឹងសៀមរាប ដោយសងខាងផ្លូវមានមនុស្សម្នាជាច្រើនបានអបអរ និងទស្សនារូបសត្វដាយណូស័រតូចធំ ដែលដង្ហែដោយសិស្សានុសិស្សជាច្រើន។

ព្រឹត្តិការណ៍នេះ ជាផ្នែកមួយដើម្បីលើកស្ទួយវិស័យសិល្បៈ វប្បធម៌ និងបរិស្ថាន ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ និងវិស័យអប់រំ សម្រាប់កុមារតូច លើសិល្បៈដំឡើងតុក្កតាយក្សនេះ។

លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅរបស់គម្រោងតុក្កតាយក្ស បានឱ្យដឹងថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៤ ក្នុងក្រុងសៀមរាបនេះ ជាឆ្នាំទី១៣ហើយ ដែលតុក្កតាយក្សបានរៀបចំឡើង។ លោកបន្តថា ដោយឆ្នាំនេះពពួកសត្វ ដាយណូស័រ ត្រូវបានជ្រើសរើសយកមកដំឡើងតុក្កតាចំនួន៩រូប។ សត្វទាំងនោះ ខ្លះជើងពីរ ខ្លះជើងបួន សត្វក្នុងទឹក សត្វស្លាប ដែលមានប្រវែងពី១៥ម៉ែត្រទៅ២០ម៉ែត្រ និងកម្ពស់រហូតដល់១០ម៉ែត្រ។

លោក សុខុម ដែលបានមកមើលការដង្ហែតុក្កតាយក្សនៅមុខវត្តដំណាក់ បានបង្ហាញក្ដីរីករាយ នៅពេលឃើញរូបតុក្កតាធំៗ និងមានការគាំទ្រច្រើនពីបរទេស និងពលរដ្ឋខ្មែរ។ លោកចាត់ទុកព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ដែលមហាជនមិនគួររំលង។ នេះជាឆ្នាំទីបីហើយ ដែលលោក សុខុម បានមកចូលរួមព្រឹត្តិការណ៍នេះ ហើយលោកក៏លើកទឹកចិត្តឱ្យសាធារណជនផ្សេងទៀតមកចូលរួមច្រើនកុះករផងដែរ។

ចំណែកអ្នកស្រី លក្ខិណា បានមកជាមួយប្ដី និងកូនប្រុសពីរនាក់។ អ្នកស្រីបានដឹងព្រឹត្តិការណ៍នេះ តាមបណ្ដាញសង្គម និងខំស្ទាត់រង់ចាំរហូតបានឃើញ ដោយជោគជ័យ។ អ្នកស្រី លក្ខិណា ប្រាប់ថា នេះជាឆ្នាំទីមួយដែលបានឃើញព្រឹត្តិការណ៍នេះ និងចង់ឱ្យបន្តរៀបចំរៀងរាល់ឆ្នំាំ ដើម្បីភាពអ៊ូអរនៅក្នុងក្រុងសៀមរាប និងទាក់ទាញភ្ញៀវទេសចរ៕

ដកស្រង់ពី៖ ខ្មែរថាមស៍