ស្អាតខ្លាំង! បានចូលលេងប្រាសាទបេងមាលា កុំភ្លេច ចាប់ប្លង់ថតរូបកន្លែងទាំងនេះ រូបចេញមកស្អាតៗគ្មាន ទាស់

ខេត្តសៀមរាប ជាខេត្តមួយមានទីតាំងនៅក្បែរបឹងទន្លេសាប ភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយសព្វថ្ងៃខេត្តនេះត្រូវបានគេ ស្គាល់ទូទាំងពិភពលោកថាជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ ល្បីល្បាញ និង ប្រាសាទបុរាណដទៃទៀតជាច្រើន។

នាពេលថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀត ដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទ អង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម ប្រាសាទបេងមាលា និង ប្រាសាទរាប់រយផ្សេងទៀត។យ៉ាងណាមិញ ក្រៅពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ថ្មីៗនេះភ្ញៀវទេសចរជាច្រើនទាំងភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ហាក់មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះប្រាសាទបេងមាលា ដែលជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រមួយ ដោយមានទីតាំងស្ថិតនៅក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ដែលមានចំងាយប្រមាណជា ៦៨ គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប។

ទន្ទឹមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ប្រាសាទនេះ ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សរ៍ទី ១២ តាមរចនាបថអង្គរវត្ត សង់លើផ្ទៃដីរាបស្មើទំហំ ១៤ ហិកតា (១៨១ ម៉ែត្រគុណនឹង ១៥២ ម៉ែត្រ) មានកំពែង ៣ ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះ អាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម ក៏ជាប្រាសាទមួយមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជា ប្រវត្តិនៃ ការសាងសង់ ទីតាំង និង រចនាបទល្អឯក ដោយភ្ញៀវទេសចរអាចមកសិក្សាអំពីប្រវត្តិសាស្ត្រ លម្ដែកម្សាន្ត មើលប្រាសាទ មើលចម្លាក់ ព្រមទាំងអាចថតរូបលេងទុកជាអនុស្សាវរីយ៍ ព្រោះការថតរូបក្នុងប្រាសាទនេះនៅប្លង់ណាក៏មានសភាពស្រស់ ស្អាត គួរជាទីចាប់អារម្មណ៍ដែរ។

គួរឱ្យដឹងដែរថា ប្រាសាទបេងមាលា នៅខែភ្លៀងរដូវវស្សានេះ មានទិដ្ឋភាពស្អាតខ្លាំងណាស់ ព្រោះថ្មប្រាសាទមានដុះស្លែ ប្រែ ជាពណ៌បៃតង អាចឱ្យទេសចរទទួលបាននូវអារម្មណ៍ប្លែកថ្មីមួយ ព្រមជាមួយអាកាសធាតុដ៏ត្រជាក់ និង ទេសភាពមាន ស្លឹកឈើ និង ស្មៅខៀវខ្ចី ដែលនេះជាឱកាសល្អបំផុតសម្រាប់ភ្ញៀវទេសចរណាចូលចិត្តថតរូបលេង ដោយភ្ញៀវទាំងអស់ អាចឈរថតរូបលេងកម្សាន្តបានក្នុងបរិវេណប្រាសាទ ឬ ថតជាវីដេអូ ដើរតាមស្ពានឈើក្នុងប្រាសាទ និង អាចឈរថតរូប សន្លឹកនៅតាមជណ្ដើរថ្មប្រាសាទ ចាប់ប្លង់យកប្រាសាទមានដុះស្លែខៀវខ្ចី គួរជាទីទាក់ទាញ។ អ្វីដែលកាន់តែពិសេសនោះគឺស្ពានឈើនៅប្រាសាទបេងមាលា ដែលជាផ្នែកមួយដ៏ពិសេសក្នុងការលើកសម្រស់ប្រាសាទមួយ នេះឱ្យកាន់តែស្អាត និង ជាកន្លែង ដែលមនុស្សជាច្រើនចូលចិត្តថតរូបលេងកម្សាន្ត មានភាពទាក់ទាញ ហើយក៏ជាប្លង់ ពិសេសមួយសម្រាប់ភ្ញៀវទេសចរ ចូលចិត្តថតរូបលេងកម្សាន្ត៕

 

ដកស្រង់ពី៖ប្រជាប្រិយ