អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ ​ប្រាសាទ​មេ​បុណ្យ​ខាងកើត​

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង។

ការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ការពង្រឹងរចនាសម្ព័ន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ព័ន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងទល់ទ្រដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលផងដែរ។

នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទ និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍។

សូមបញ្ជាក់ថា ប្រាសាទមេបុណ្យខាងកើតត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ។

ដកស្រង់ពី៖ ខ្មែរថាមស៍