ចូលឆ្នាំចិនហ្នឹង ចង់ទៅលេងឆ្នេរកែបឆ្នេរអង្កោល ! កុំបារម្ភអី ព្រោះផ្លូវជាតិលេខ៣១ ពី បែកគុស-កំពង់ត្រាច ងាយស្រួលបណ្តើរៗហើយ

ការសាងសង់ផ្លូវជាតិលេខ៣១ ពីចំណុចបែកគុស តានី ទូកមាស ដល់កំពង់ត្រាច ប្រវែងជិត ៥៤គីឡូម៉ែត្រ បាននឹងកំពុងមានភាពងាយស្រួលធ្វើដំណើរបណ្តើរៗហើយ ខណៈការចាក់អ៊ុតបេតុងកៅស៊ូ នឹងរួចរាល់នៅក្នុងរយៈពេល ៦ខែទៀត។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីខែចុងខែមករា ឆ្នាំ២០២៤កន្លងទៅថា ផ្លូវជាតិលេខ៣១នេះ សម្រេចការសាងសង់បានប្រមាណ ៤០%ហើយ ក្នុងនោះការចាក់អ៊ុតបេតុងកៅស៊ូ (AC) នឹងរួចរាល់នាខែកក្កដា ឆ្នាំ២០២៤ខាងមុខ ខណៈដែលការបំពាក់គ្រឿងបរិក្ខាផ្លូវថ្នល់ និងកិច្ចការផ្សេងៗជាច្រើនទៀត នឹងរួចរាល់ទាំងស្រុងនៅចុងឆ្នាំនេះផងដែរ។

សូមជម្រាបថា ផ្លូវជាតិលេខ៣១ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ដំណាលគ្នាជាមួយផ្លូវជាតិលេខ៣៣ កាលពីចុងខែធ្នូ ឆ្នាំ២០២២។ ក្នុងនោះ ផ្លូវជាតិលេខ៣១ មានប្រវែងប្រមាណ ៥៣,៥៣ គីឡូម៉ែត្រ គិតចេញពីផ្លូវបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតដល់ផ្សារកំពង់ត្រាច (ចំណុចប្រសព្វផ្លូវជាតិលេខ៣៣) ដោយមានឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត គ្រោងចំណាយថវិកាជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ៕

ដកស្រង់ពី៖Sabay News