បណ្តាញសង្គម

បើ​មិន​ថ្មី​មិនមែន​ TOWN ​ទេ!​ ថ្ងៃ​នេះ​ទូរទស្សន៍​ថោន​បើក​ការប្រកួត​សង្វៀន​មូល​ថ្មី​បង្ហាញ​ទំនើបកម្ម​វិស័យ​ប្រដាល់​គុន​ខ្មែរ​

លោក TOMMY KIM ប្រកាសដំណើរការការប្រកួតសង្វៀនមូលអំបៅឆៅគុនខ្មែរនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញពីការធ្វើទំនើបកម្មទាន់សម័យកាល និងការថែរក្សាទម្រង់វ៉ៃបែបបុរាណដែលរៀបចំដោយ TOWN។

តំណាង IPCC គុនខ្មែរ និងជាទីប្រឹក្សារបស់ទូរទស្សន៍ TOWN ខាងលើនេះបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានម្សិលមិញនេះថា Boostrong Kun Khmer King Of The Ring ឬហៅថា សង្វៀនមូលអំបៅឆៅគុនខ្មែរ ជាកម្មវិធីថ្មីមួយទៀតហើយសម្រាប់ទូរទស្សន៍ TOWN។ សង្វៀនថ្មីដែលមានទម្រង់មូលប្លែកដែលធ្លាប់តែមាននៅក្រៅស្រុកនេះឥលូវគឺមាននៅកម្ពុជាមាននៅទូរទស្សន៍ TOWN ហើយដែលជាការខំប្រឹងប្រែងធ្វើទំនើបកម្មឲ្យទាន់សម័យកាលដើម្បីប្រិយមិត្តអ្នកគាំទ្រទទួលនូវអ្វីថ្វីប្លែកអារម្មណ៍។

លោក TOMMY KIM បន្ថែមទៀតថា កម្មវិធីនេះរឹតតែពិសេសទៅទៀតនោះចំពោះការប្រកួតសុទ្ធតែរុំបំបោះឆៅទាំងអស់ដែលនេះបង្ហាញពីការថែរក្សាចំពោះការប្រកួតបែបទម្រង់ដើមចាស់បុរាណផងដែរ។

បញ្ជាក់ដែរថា កម្មវិធី Boostrong Kun Khmer King Of The Ringឬហៅថា សង្វៀនមូលអំបៅឆៅគុនខ្មែរ នឹងធ្វើការប្រកួតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង៧យប់នេះតទៅក្នុងស្ថានីយទូរទស្សន៍ TOWN។ សមាសភាពកីឡាករកម្ពុជារួមមាន ស៊ន រ៉ាគីម ពេជ្រ ប៊ុនសិទ្ធ ពេជ្រ សម្បត្តិ ភក្ដី គុនខ្មែរ និង ព្រុំ សំណាង ដែលនឹងត្រូវប៉ះបរទេស៕

ដកស្រង់ពី៖ Sabay