បណ្តាញសង្គម

អ្នកនយោបាយ​ហុងកុង​ថ្កោល​ទោស​ Messi ដោយ​អត់​ចូល​លេង​ប្រកួត​នៅ​ដី​ហុងកុង តែ​បង្ហាញ​ខ្លួន​នៅ​ជប៉ុន

អ្នកនយោបាយ និងអ្នកគាំទ្រវិស័យបាល់ទាត់ហុងកុងបានធ្វើការថ្កោលទោស ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដោយមិនបានបង្ហាញខ្លួននៅប្រកួតមិត្តភាព ដែលធ្វើឡើងនៅទឹកដីហុងកុងកាលពីថ្ងៃអាទិត្យ។

កាលពីថ្ងៃអាទិត្យ Inter Miami បានលេងប៉ះនឹងក្រុមជម្រើសឆ្នើមរបស់ហុងកុង (Hong Kong All Stars)។ ក្នុងប្រកួតដែលរៀបចំដោយក្រុមហ៊ុន Tatler Asia ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាប់កុងត្រាថា ត្រូវតែចូលលេង លើកលែងតែមានរបួស។

Messi បានអង្គុយនៅកៅអីបម្រុង ហើយគ្រោងនឹងចូលលេងនៅអំឡុង ១០នាទីចុងក្រោយ តែបែរជាអត់ចូលលេងវិញ ដោយសារតែមានរបួសឈឺត្រង់ក្រលៀនជើង។ នេះបើតាមការបញ្ជាក់របស់សាម៉ីខ្លួន។

ទាក់ទិននឹងរឿងនេះដែរ មានមតិអវិជ្ជមានជាច្រើនបានស្រោចមកលើ Messi បន្ទាប់ពីកីឡាកររូបនេះបានបង្ហាញខ្លួនពេលលេងឱ្យ Inter Miami ប៉ះនឹងក្លឹប Vissel Kobe នៅរាជធានីតូក្យូ ប្រទេសជប៉ុន។

សារព័ត៌មានរបស់គណបក្សកុម្មុយនិស្តចិនផ្សាយជាភាសាអង់គ្លេស Global Times បានចុះថា ការមិនបង្ហាញខ្លួនរបស់ Messi ធ្វើឡើងដោយមាន «ឧបាយកលនយោបាយ» ដើម្បី «បំបាក់មុខ» ហុងកុង។

អ្នកស្រី Regina Ip តំណាងរាស្ត្រនៃដែនដីហុងកុងបាននិយាយធ្ងន់ៗថា «ប្រជាជនហុងកុងស្អប់ Messi និងស្អប់ Inter Miami»។ អ្នកស្រីបានបន្ថែមថា «Messi មិនគួរឱ្យជាន់ដីហុងកុងទៀតទេ»។

ប្រជាជនហុងកុងប្រមាណ ៦៨ ០០០នាក់បានទិញសំបុត្រមើលប្រកួត (សំបុត្រតម្លៃ ៥០០-៦០០ដុល្លារអាមេរិក) ទន្ទឹងរង់ចាំចង់មើល Messi ចូលលេងក្នុងប្រកួតដោយផ្ទាល់។ យ៉ាងណាមិញ ពេល Messi មិនបានចូលលេង ពួកគេបានទាមទារសំណងថ្លៃសំបុត្រវិញ៕

ដកស្រង់ពី៖ Sabay