បណ្តាញសង្គម

អ្នកគាំទ្រហុងកុង ទារលុយថ្លៃទិញសំបុត្រវិញ ក្រោយមិនឃើញវត្តមាន Messi បង្ហាញខ្លួនលើទីលានប្រកួត

នៅក្នុងប្រកួតរវាង ក្រុមម្ចាស់ផ្ទះ ហុងកុង និង Inter Miami បានបញ្ចប់ទៅដោយមានការមិនពេញចិត្តពីអ្នកគាំទ្រ ដោយសារតែពួកគេមិនបានឃើញវត្តមានរបស់ Messi ចូលលេងនៅក្នុងប្រកួតនោះ។

អ្នកគាំទ្រប្រមាណ ៤០០០០ នាក់ ដែលខ្លះបានចំណាយរហូតដល់ ៦២៤ ដុល្លារសម្រាប់សំបុត្រចូលមើលការប្រកួតនៅក្នុងកីឡដ្ឋាន Hong Kong ក្នុងក្តីសង្ឃឹមថានឹងបានឃើញតារាបាល់ទាត់អាហ្សង់ទីន ប៉ុន្តែបានខកចិត្តជាខ្លាំង បន្ទាប់ពី Messi អង្គុយនៅលើកៅអីបម្រុងហើយមើលក្រុមរបស់ខ្លួន Inter Miami បានទទួលជ័យជម្នះក្នុងលទ្ធផល ៤ ទល់ ១ លើក្រុមហុងកុង ។

ម្ចាស់ជ័យលាភី Ballon d'Or ប្រាំបីសម័យរូបនេះ ត្រូវបានគេបង្ហាញយ៉ាងខ្លាំងនៅក្នុងការផ្សាយពាណិជ្ជកម្មមុនការប្រកួត ហើយអ្នកគាំទ្រជាច្រើនបានទាមទារប្រាក់សំណងវិញដោយសារតែ ពេលប្រកួតជាក់ស្តែង មិនឃើញវត្តមាន Messi ចូលលេងទៅវិញ ។

ជាមួយគ្នានេះ រដ្ឋាភិបាលហុងកុង ដែលបានផ្ដល់ជំនួយជាង ២លានដុល្លារ ដល់អ្នករៀបចំការប្រកួត ក៏បាននិយាយថា ខ្លួនពិតជាខកចិត្តជាខ្លាំង ដែលតារាបាល់ទាត់រូបនេះមិនបានចូលលេង។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Kevin Yeung លេខាធិការទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៍ហុងកុង បាននិយាយថា កិច្ចសន្យាដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល និងអ្នករៀបចំការប្រកួត Tatler XFEST តម្រូវឱ្យ Messi លេងយ៉ាងហោចណាស់ ៤៥ នាទី អាស្រ័យទៅលើបញ្ហាសុវត្ថិភាព និងសុខភាព៕