បណ្តាញសង្គម

Roma ចែកផ្លូវ​ជាមួយ​ Mourinho ក្រោយ​មាន​លទ្ធផល​មិន​សូវ​គាប់

ក្លឹបអ៊ីតាលី Roma បានបញ្ចប់ផ្លូវគ្នាជាមួយគ្រូបង្គោលជនជាតិព័រទុយហ្គាល់លោក Jose Mourinho បន្ទាប់ពីលោកដឹកនាំមិនសូវល្អនាពេលថ្មីៗនេះ។

បើតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបនៅក្នុងថ្ងៃអង្គារនេះ ខាង Roma បាននិយាយថា៖ «លោក Jose Mourinho និងសហការីរបស់លោកនឹងចាកចេញពីក្លឹបចាប់ពីថ្ងៃចេញសេចក្ដីថ្លែងការណ៍នេះទៅ»។

លោក Mourinho បានឡើងមកកាន់ Roma កាលពីខែឧសភា ឆ្នាំ២០២១។ លោកបានជួយឱ្យក្លឹបអ៊ីតាលីមួយនេះឈ្នះពាន Conference League ដែលពានកម្រិតទី៣ នៃក្របខ័ណ្ឌអឺរ៉ុបកាលពីឆ្នាំ២០២២ ហើយជួយឱ្យក្លឹបឡើងវគ្គផ្ដាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន។

យ៉ាងណាមិញ នៅក្នុងរដូវកាលនេះ ក្លឹបអ៊ីតាលីមួយនេះបង្ហាញទម្រង់លេងមិនសូវល្អ ដោយពេលនេះដែរកំពុងតែជាប់លេខ ៩ នៅតារាងលីគកំពូលអ៊ីតាលី ដោយមាន ២៩ពិន្ទុក្នុងដៃ៕

ដកស្រង់ពី៖ Sabay