បណ្តាញសង្គម

ប្រធាន​សហព័ន្ធ​បាញ់កាំភ្លើង៖កីឡាករ​ត្រូវ​ពង្រឹង​សមត្ថភាព​ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ

ការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការរយៈពេល ១ថ្ងៃនៅឯខេត្តមណ្ឌលគីរី ដោយមានកីឡាករចូលរួមសរុប ២៧នាក់ចែកចេញជា ៤វិញ្ញាសា។

អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើង ឯកឧត្តម ស៊ិន សូផានណាក់ បានឲ្យដឹងថាការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ មានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា ៤វិញ្ញាសា។ បន្ទាប់ពីការប្រកួតនេះសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីស្វែងរកកីឡាករឆ្នើមចូលក្រុមជម្រើសជាតិហ្វឹកហាត់បង្កើនសមត្ថភាព និងបច្ចេកទេសឲ្យកាន់តែប្រសើរ។ ជាពិសេសសហព័ន្ធមានផែនការបញ្ជូនកីឡាករទៅហ្វឹកហាត់ក្រៅប្រទេស និងការប្រកួតជាលក្ខណៈអន្តរជាតិ ដូចជាក្នុងតំបន់អាស៊ាន អាស៊ី និងលើវិញ្ញាសាកីឡាអូឡាំពិកជាដើម។

ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង បានឲ្យដឹងថាដើម្បីជោគជ័យការប្រកួតធំៗបាន ឯកឧត្ដមប្រធានស្នើឲ្យកីឡាករ គ្រូបង្វឹក បង្កើនយកចិត្តទុកដាក់លើការបណ្តុះបណ្តាល នៅលើទីលានប្រកួតជាក់ស្តែង ទាំងទ្រឹស្តី បច្ចេកទេស និងបទពិសោធន៍ប្រកួតដល់កីឡាករថ្មីៗ ដែលទើបប្រកួតរួច។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេសការប្រកួតលើ៤វិញ្ញាសាវិញ វិញ្ញាសា OPEN លេខ១ កីឡាករ KUCH , លេខ២ RITH និងលេខ៣ កីឡាករ SOK PUTHYVUTH។ វិញ្ញាសា PRODUCTION OPTICS លេខ១ MONI, លេខ២ YOUTH និងលេខ៣ VANNMA។ វិញ្ញាសា STANDARD លេខ១ NIKOSON លេខ២ ISHIKAWA និងលេខ៣ RICHIE ការប្រកួតពានរង្វាន់នេះ ទទួលបានឧបត្តម្ភពីក្រុម Hanuman និងបូរី Up Town ៕

ដកស្រង់ពី៖ Sabay