បណ្តាញសង្គម

Haaland បង្ហោះ​សារ​ ពេល​ឮ​ថា Sancho ត្រលប់​ទៅ Dortmund វិញ

ខ្សែប្រយុទ្ធ Erling Haaland បានបង្ហោះសារ Story ក្នុងគណនី Instagram ផ្លូវការរបស់ខ្លួន ពេលទទួលដំណឹងជាផ្លូវការថាកីឡាករ Jadon Sancho បានត្រលប់ទៅលេងឲ្យក្លឹប Borussia Dortmund វិញ។

Sancho បានមកចូលរួមជាមួយ Dortmund ជាផ្លូវការពីក្លឹប Manchester Unitedកាលពីល្ងាចម្សិលមិញក្នុងនាមជាកីឡាករខ្ចីជើង។ ក្រោយដំណឹងនេះត្រូវបានប្រកាសជាផ្លូវការ ខ្សែប្រយុទ្ធក្លឹប Manchester City កីឡាករ Erling Haaland បានបង្ហោះសារ Story មួយក្នុងបណ្ដាញ Instagram។

ខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះ មិនបាននិយាយអ្វីច្រើនឡើយក្នុងសារ Story មួយនោះ ក្រៅពីបង្ហោះរូបភាព Sancho ក្នុងឈុតសំលៀកបំពាក់ក្លឹប Dortmund។Haaland បានរំលេចពាក្យមួយម៉ាត់គឺថា ស្រស់ស្អាត។ មិនមានរបាយការណ៍ណាមួយអាចបកស្រាយច្បាស់ទេថា ខ្សែប្រយុទ្ធ Haaland មានន័យយ៉ាងណាឡើយក្នុងសារមួយនេះ។ ទោះជាយ៉ាងណា តាមការវិភាគរបស់សារព័ត៌មានធំៗមួយចំនួនបានបកស្រាយថា Haaland ទំនងសប្បាយចិត្តជាមួយនឹងដំណឹងដែល Sancho បានត្រលប់ទៅ Dortmund វិញ ដែលជាក្លឹបចាស់ដែលកីឡាករទាំងពីរធ្លាប់លេងជាមួយគ្នា។

Haaland និង Sancho ធ្លាប់ជាមិត្តរួមក្រុមគ្នាកាលកីឡាករទាំងពីរលេងនៅក្លឹបអាល្លឺម៉ង់។ Haaland លេងនៅក្លឹបពីឆ្នាំ ២០២០ ដល់ ២០២២ មុនមកចូលរួមជាមួយ Manchester City។ ចំណែកឯ Sancho ចូលរួម Dortmund ពីឆ្នាំ ២០១៧ ដល់ ២០២១ មុនចេញទៅលេងឲ្យ Manchester United៕


ដកស្រង់ពី៖ Sabay