បណ្តាញសង្គម

បឺត​ សង្ឃឹម៖​ ទទួល​ការ​ប្រកួត​តែ​១ប្រកួត​នេះ​ទៀត​ទេ​បន្ទាប់​មក​ផ្ដោត​ហ្វឹកហាត់​ត្រៀម​ទៅ​អូស្ត្រាលី​

អ្នកលេងគុនខ្មែរចិត្តត្រជាក់ បឺត សង្ឃឹម ថាទទួលការប្រកួតតែ១ប្រកួតនេះទៀតទេ បន្ទាប់មកផ្អាកសិនហើយដោយផ្ដោតលើការហ្វឹកហាត់ត្រៀមឡើងប្រកួតនៅឯប្រទេសអូស្ត្រាលីតែម្ដង។

កីឡាករ បឺត សង្ឃឹម បានលើកឡើងក្នុងកិច្ចសម្ភាសមួយថា ខ្លួនបានបដិសេធមិនទទួលការប្រកួតធំៗក្នុងស្រុកមួយចំនួនរួចហើយ។ ដោយឡែករូបគេឡើងប្រកួតតែ១ប្រកួតថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះប៉ុណ្ណោះ ព្រោះត្រូវផ្ដោតខ្លាំងចំពោះការប្រកួតនៅប្រទេសអូស្ត្រាលីនាពេលខាងមុខនោះវិញ។

កីឡាករល្អគ្រប់ក្បាច់រូបនេះបញ្ជាក់ទៀតថា មិនទទួលការប្រកួតផ្សេងៗទៀតក៏ព្រោះតែកៀកថ្ងៃចេញទៅអូស្ត្រាលីផងដូច្នេះទុកពេលវេលាត្រៀមខ្លួនឲ្យបានល្អ និងយូរបន្តិច។ ការចំណាយពេលត្រៀមខ្លួនយូរខ្ទង់មួយខែបែបនេះ បឺត សង្ឃឹម ថាជាការប្រកួតសំខាន់ជាឱកាសដណ្ដើមខ្សែក្រវាត់កម្មវិធីធំមួយវិញទៀតនោះគឺប៉ះដៃគូល្អ។ ដូច្នេះត្រូវតែហ្វឹកហាត់ និងត្រៀមខ្លួនឲ្យបានល្អគ្រប់ជ្រុងជ្រោយ។

រំលឹកដែរថា តាមការបញ្ជាក់របស់សាមីកីឡាករ បឺត សង្ឃឹម ថារូបគេនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ WBC ជាមួយជើងខ្លាំងថៃ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯប្រទេសអូស្ត្រាលី។ ការចេញដំណើរទៅថ្ងៃណានោះកីឡាករ បឺត សង្ឃឹម មិនបានបញ្ជាក់ប្រាប់នោះទេ៕

ដកស្រង់ពី៖ Sabay