បណ្តាញសង្គម

សហព័ន្ធ​កីឡា​ការ៉ាតេ​ បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ រយៈពេល​២ថ្ងៃ​នៅ​ RUPP

នៅព្រឹកមិញនេះសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានធ្វើពិធីបើកការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ខ្លួនហើយនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ខណៈព្រឹត្តិការណ៍មួយនេះប្រើរយៈពេល ២ថ្ងៃទើបបិទបញ្ចប់វិញ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធការ៉ាតេ ថ្លែងក្នុងពិធីបើកការប្រកួតព្រឹកមិញនេះថា ដើម្បីដំណើរការប្រកួតនេះឲ្យល្អ គោរពគោលការណ៍ Fair Play គោរពក្រមសីលធម៌ គោរពតាមច្បាប់បទបញ្ជានៃការប្រកួតមាំមួនសូមឲ្យលោកគ្រូ អ្នកគ្រូ អាជ្ញាកណ្ដាល ចៅក្រម កីឡាករ កីឡាការិនីទាំងអស់រួមគ្នាតែមួយក្នុងការអនុវត្តន៍តាមលក្ខន្តិកៈដែលមាន។

អ្នកជំនាញផ្នែកកីឡារបស់កម្ពុជាខាងលើនេះសូមឲ្យកីឡាករ កីឡាការិនី មានការអត់ធ្មត់ការឈ្នះ-ចាញ់ ជាលទ្ធផលនៃការហ្វឹកហាត់របស់ខ្លួនឯង។ ការឈ្នះ-ចាញ់មិនមែនជាការកំណត់នៃការបញ្ចប់ការហ្វឹកហាត់ការ៉ាតេនោះទេ។ អ្វីដែលសំខាន់គឺការយកចិត្តទុកដាក់ហ្វឹកហាត់ការ៉ាតេដើម្បីសុខភាព សាមគ្គីភាព និងជាការរួមចំណែកកសាងវិស័យកីឡាជាតិដើម្បីឆ្ពោះទៅរកអនាគតរុងរឿង ឆ្ពោះទៅរកជយលាភីលើឆាកអន្តរជាតិ។

បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ កីឡាការ៉ាតេ នេះប្រកួតចាប់ពីថ្ងៃទី១២ ដល់ ១៤ ខែមករា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៩២នាក់៕

ដកស្រង់ពី៖ Sabay