បណ្តាញសង្គម

របាំសាំបា ប្រេស៊ីល តែងតាំងគ្រូបង្វឹកថ្មី មានប្រវត្តិមិនធម្មតា បទពិសោធន៍ ហៀរកែង ក្នុងវិស័យបាល់ទាត់

Dorival Jr ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីរូបលោក បានចាកចេញពីក្លឹប Sao Paulo កាលពីដើមសប្តាហ៍ថ្មីៗនេះ ដោយក្រុមជម្រើសជាតិ របាំសាំបារ ប្រេស៊ីលបានចែកផ្លូវជាមួយគ្រូបង្វឹកបណ្ដោះអាសន្ន Fernando Diniz កាលពីថ្ងៃសុក្រ កន្លងទៅ។

ការដឹកនាំប្រកួតដំបូងរបស់លោក Dorival ដែលមានអាយុ ៦១ ឆ្នាំ ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល នឹងក្លាយជាការប្រកួតមិត្តភាពដ៏គួរឱ្យចង់តាមដានទស្សនា។ ប្រេស៊ីល នឹងប្រកួតក្នុងខែមីនា ខាងមុខនេះ ជាមួយជម្រើសជាតិ អង់គ្លេស និងអេស្ប៉ាញ ។

បច្ចុប្បន្នប្រេស៊ីលស្ថិតក្នុងចំណាត់ថ្នាក់ទី៦ និងវគ្គជម្រុះចុងក្រោយដោយស្វ័យប្រវត្តិតំណាងក្រុមអាមេរិកខាងត្បូង សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ គួរឱ្យដឹងថា លោក Dorival បានដឹកនាំ Flamengo ឱ្យឈ្នះពាន Copa Libertadores និងពាន Brazilian Cup ក្នុងឆ្នាំ ២០២២ មុនពេលចូលមកដឹកនាំក្លឹប Sao Paulo។ គ្រូបង្វឹកថ្មីរបស់ប្រេស៊ីលរូបនេះ មានប្រវត្តិធ្លាប់បានចូលទៅដឹកនាំ Atletico Mineiro, Athletico Paranaense, Internacional, Vasco da Gama, Fluminense និង Palmeiras ។

ពាក់ព័ន្ធនឹងការតែងតាំងគ្រូបង្វឹកថ្មី ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល CBF លោក Ednaldo Rodrigues ធ្លាប់បានអះអាងកាលពីខែកក្កដា ឆ្នាំ២០២៣ ថា លោក Carlo Ancelotti នឹងចូលកាន់តំណែងបន្តពី លោក Diniz នៅរដូវក្តៅនេះ ប៉ុន្តែបុរសជនជាតិអ៊ីតាលីវ័យ ៦៤ ឆ្នាំរូបនេះបានចុះកិច្ចសន្យាថ្មីជាមួយ Real Madrid រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ៕

 

 

 

ដកស្រង់ពី៖ Sabay