បណ្តាញសង្គម

បើក​ទំព័រ​ថ្មី!​ TOWN ​សហការ​ជា​មួយ​ចិន​កុងហ្វូ​រៀបចំ​ការ​ប្រកួត​ធំ​ផ្សាយ​ផ្ទាល់​ដល់​ប្រទេស​ចិន​

ស្ថានីយទូរទស្សន៍ TOWN បានប្រកាសកម្មវិធីប្រដាល់ថ្មី GANZBERG KUN KHMER KUNG FU សហការជាមួយភាគីចិន ប្រកួតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានផ្សាយផ្ទាល់ទៅទូរទស្សន៍ Hainan TV ឯប្រទេសចិន។

លោក TOMMY KIM តំណាង IPCC គុនខ្មែរ និងជាទីប្រឹក្សារបស់ទូរទស្សន៍ TOWN ដែលជាអ្នករួមចំណែកបង្កើតកម្មវិធីថ្មី GANZBERG KUN KHMER KUNG FU ពិតជាមានសេចក្ដីមោទកភាព និងរំភើបក្រៃលែង។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រដាល់គុនខ្មែរ និងជាប្រវត្តិសាស្ត្រថ្មី នៃកិច្ចសហប្រតិបត្តិការរវាងស្ថានីយទូរទស្សន៍ TOWN និង Hainan Satellite TV របស់ប្រទេសចិននៅពេលនេះ។

ព្រឹត្តិការណ៍ប្រដាល់ថ្មីខាងលើនេះនឹងធ្វើការប្រកួតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅកំបូល រាជធានីភ្នំពេញ។ ការប្រកួតនេះសរុបមាន៨គូ ដោយឡែកជើងខ្លាំងចិនកុងហ្វូមកប្រកួត ៥នាក់ជាមួយអ្នកលេងគុនខ្មែរ និង៣គូទៀតជាលក្ខណៈម៉ារ៉ាតុនមាន កម្ពុជា ថៃ អ៊ុយក្រែន និងរុស្សី។ នៅថ្ងៃប្រកួតនោះដែរគឺនឹងមានការផ្សាយផ្ទាល់ពីកម្ពុជាទៅប្រទេសចិន តាមរយៈទូរទស្សន៍ Hainan Satellite TV។

តំណាងរបស់ TOWN អំពាវនាវដល់កីឡាករគុនខ្មែរឲ្យខំប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យបានល្អ ព្រោះឱកាសមានហើយក្នុងការបង្ហាញថ្វីដៃ និងជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរដល់ឆាកអន្តរជាតិបានស្គាល់កាន់តែច្បាស់អំពីក្បាច់គុនបុរាណដែលចារឹកលើប្រាសាទនានា។

លោក BRUON តំណាង GANZBERG លើកឡើងថា ឆ្នាំ២០២៤ នេះក្រុមហ៊ុនត្រៀមរួចហើយក្នុងការឧបត្ថម្ភគាំទ្រប្រដាល់គុនខ្មែរឲ្យដល់កម្រិតពិភពលោក។ កីឡាករគុនខ្មែរពិតជាមានសមត្ថភាពខ្លាំង និងល្អដល់កម្រិតពិភពលោកដែលទាំងនេះហើយសមនិងអ្វីដែលពួកគេទទួលបានការជួយជ្រោមជ្រែងរបស់ GANZBER នាពេលកន្លងទៅ។ លោកផ្ទាល់មានការសប្បាយរីករាយដែលបានរួមចំណែកផ្សព្វផ្សាយគុនខ្មែរឲ្យបណ្ដាប្រទេសលើពិភពលោកបានស្គាល់ក្បាច់គុនដ៏ល្អមួយនេះ។

បញ្ជាក់ដែរថា GANZBERG KUN KHMER KUNG FU នេះជាព្រឹត្តិការណ៍ប្រដាល់ថ្មីរបស់ទូរទស្សន៍ TOWN និង Hainan Satellite TV ដោយផ្ដោតលើការផ្សព្វផ្សាយគុនខ្មែរទៅកាន់ប្រទេសចិន។ ការប្រកួតនេះគឺទទួលបានការឧបត្ថម្ភពី GANZBERB៕

ដកស្រង់ពី៖ Sabay