បណ្តាញសង្គម

សួន​ ចាន់ណារ៉ូ៖​ ចង់​ឲ្យ​ក្រុម​បាល់ទះ​ផ្សេងៗ​យក​បរទេស​មក​ឲ្យ​ច្រើន​ដើម្បី​មាន​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​

កីឡាករបាល់ទះឆ្នើមរបស់ក្រុមវិសាខា សួន ចាន់ណារ៉ូ រីករាយដែលឃើញបណ្ដាក្រុមបាល់ទះនៅកម្ពុជានាំយកកីឡាករបរទេសមកជួយក្រុមពិសេសត្រៀមប្រកួត តេជោលីគ នៅថ្ងៃខាងមុខនេះ។

សួន ចាន់ណារ៉ូ បានលើកឡើងក្នុងកិច្ចសម្ភាសមួយថា រូបគេពិតជាសប្បាយរីករាយនៅពេលឃើញមានក្រុមអង្គរក្ស និងមហាផ្ទៃនាំយកកីឡាករបរទេសត្រៀមការប្រកួត តេជោលីគ ខាងមុខនេះ។ រូបគេសំណូមពរដល់ក្រុមដទៃទៀតបើអាចសូមរកកីឡាករបរទេសផ្សេងៗទៀតដើម្បីមកពង្រឹងក្រុមផង និងមួយទៀតនោះគឺមានការប្រកួតគ្នាកាន់តែខ្លាំង។

កាលណាក្រុមមានកីឡាករបរទេសច្រើន កីឡាករក្នុងស្រុកកាន់តែខំប្រឹងពង្រឹងសមត្ថភាពកាន់តែខ្លាំងដូចគ្នា ដូច្នេះបាល់ទះកម្ពុជារឹតតែរីកចម្រើនទៅមុខទៀត។ នៅប្រទេសជិតខាងគឺគេមានកីឡាករចម្រុះជាតិសាសន ឬបរទេសយូរហើយ ដូច្នេះខ្លួនគឺពិតជាចង់ឲ្យក្រុមកម្ពុជាឈានទៅដូចគេផងដែរ ពិសេសការប្រកួតកាន់តែជក់ចិត្ត និងប្រជែងគ្នាខ្លាំង។

បើតាមការបង្ហោះផ្សព្វផ្សាយសម្រាប់ការត្រៀមប្រកួតបាល់ទះ តេជោលីគ ឆ្នាំ២០២៣-២០២៤ ថ្ងៃទី១២ ខែមករា នេះក្រុមបាល់ទះក្នុងស្រុកចំនួន៣ ហើយដែលនាំកីឡាករបរទេសមកជួយដូចជាក្រុមវិសាខា ក្រុមអង្គរក្ស និងក្រុមមហាផ្ទៃ។ បរទេសទាំងនោះមានជនជាតិគុយបា ឥណ្ឌូណេស៊ី និងវៀតណាមជាដើម៕





ដកស្រង់ពី៖ Sabay