បណ្តាញសង្គម

ប្រធាន​សហព័ន្ធ​ចំបាប់៖​ មើល​ឃើញ​ពី​ភាព​រីកចម្រើន​របស់​ជម្រើស​ជាតិ​ចំពោះ​ការ​ប្រកួត​នៅ​ចិន​នេះ

ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថាកីឡាករ កីឡាការិនីជម្រើសជាតិគឺមានសមត្ថភាពរីកចម្រើន សន្ទុះបច្ចេកទេស និងកម្លាំងមើលឃើញថាល្អប្រសើរជាងមុនទៅទៀតនៅពេលប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅចិន។

ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធចំបាប់បានឲ្យដឹងថា ការប្រកួតនៅចិនលើកនេះកីឡាករ កីឡាការិនីកម្ពុជាបង្ហាញពីភាពរីកចម្រើនច្រើនបើទោះជាចាញ់ ចាញ់មិនដាច់ មានទៅមានមកផងដែរ។ ក្នុងនោះបច្ចេកទេសប្រកួត កម្លាំងកាយ គឺល្អជាងមុនមានការរីកចម្រើន។

ការប្រកួតនេះគឺប្រជុំដោយប្រទេសខ្លាំងចូលរួមដូចជា ចិន ជប៉ុន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កូរ៉េ ជាដើមហេតុនេះការប្រជែងគឺមានភាពខ្លាំងក្លា។ ដូច្នេះហើយសហព័ន្ធនឹងបន្តជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឲ្យខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។

ចំពោះអ្នកដែលប្រកួតចប់ហើយក៏បន្តហ្វឹកហាត់នៅចិននេះទៀតរហូតដល់ខែធ្នូទើបវិលទៅកម្ពុជាវិញ។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធក៏បានឲ្យដឹងដែរថា ការប្រកួតកីឡាអាស៊ីនៅចិននេះក្នុងចំណោមប្រទេសតំបន់អាស៊ានគឺមានតែកម្ពុជាមួយប៉ុណ្ណោះបានឈ្នះការប្រកួតក្រៅពីនោះគឺចាញ់ទាំងអស់។

រំលឹកដែរថា ការប្រកួតកីឡាអាស៊ី នៅប្រទេសចិននេះគឺកម្ពុជាបញ្ជូនទៅចូលរួមចំនួន ១៧ប្រភេទកីឡា។ ចំបាប់ក៏ជាប្រភេទកីឡាដែលត្រូវចូលរួមផងដែរ។ ដោយឡែកកីឡាករចំបាប់ ស៊ូ បាលី បានឈ្នះ១ប្រកួតលើកីឡាករនេប៉ាល់។

សរុបមកកីឡាអាស៊ីដែលបញ្ចប់ទៅកាលពីម្សិលមិញនេះគឺកម្ពុជាឈ្នះត្រឹមមេដាយសំរឹទ្ធ១គ្រឿងប៉ុណ្ណោះលើប្រភេទកីឡាការ៉ាតេ៕