បណ្តាញសង្គម

Hazard នឹង​ត្រលប់​មក​ទីលាន​បាល់ទាត់​វិញ ក្រោយ​ផ្ដាច់​កុងត្រា​ជាមួយ Real

អតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិបែលហ្សិកកីឡាករ Eden Hazard នឹងត្រលប់មកលេងបាល់ទាត់វិញនៅក្នុងខែតុលានេះ ក្រោយពេលដែលខ្លួនបានផ្ដាច់កុងត្រាជាមួយក្លឹប Real Madrid កាលពីខែមិថុនាកន្លងទៅ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង L’Équipe កីឡាកររូបនេះនឹងលេងក្នុងប្រកួតសប្បុរសធម៌មួយនៅក្នុងស្រុកបារាំងជាមួយនឹងអតីតកីឡាករល្បីៗមួយចំនួនដូចជា Laurent Blanc និង Didier Deschamps។ សូមជម្រាបផងដែរថា Hazard នាពេលនេះជាកីឡាករដែលគ្មានក្លឹប។

កីឡាកររូបនេះបានព្រមព្រៀងផ្ដាច់កុងត្រាជាមួយ Real Madrid កាលពីខែមិថុនា ឆ្នាំនេះ ក្រោយលេងនៅទីនោះអស់រយៈពេលជាង ៤ឆ្នាំ។

មានសារព័ត៌មានមួយចំនួនចុះផ្សាយថា អ្នកនៅស្រុកបារាំងចាប់អារម្មណ៍ចង់នាំ Hazard ទៅលេង តែសាមីខ្លួនបានបដិសេធ ដែលបណ្ដាលឱ្យមានមតិមួយចំនួនយល់ឃើញថា អតីតកីឡាករឆ្នើមរបស់ Chelsea រូបនេះអាចនឹងចូលនិវត្តន៍ពីពិភពបាល់ទាត់តែម្ដង៕