បណ្តាញសង្គម

​​ក្មេង​ប្រុស​ដែល​ជិះ​ម៉ូតូ​​ពី​កំពត​មក​ហាត់​បាល់​នៅ​ភ្នំពេញ​នោះ​​​​​​​ក៏​ត្រូវ​បាន​ឪពុក​ម្ដាយ​ហាម​ដែរ

ក្មេងប្រុសកំពុងល្បីលើបណ្ដាញសង្គម ដែលសុខចិត្តជិះម៉ូតូពីខេត្តកំពតមកហាត់បាល់ទាត់នៅភ្នំពេញនោះ ក៏ត្រូវបានឪពុកម្ដាយហាមដែរ តែព្រោះទឹកចិត្តស្រលាញ់បាល់ទាត់ខ្លាំងពេកទើបខ្លួនសុំអង្វរម្ដាយ-ឪពុករហូតលោកទាំងពីរយល់ព្រម។

សៅ គីឡាយ បានឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមហាត់ជាមួយ យុវជនក្រោមអាយុ១៧ឆ្នាំភ្នំពេញក្រោន នោះបាន២ថ្ងៃ។ ការហ្វឹកហាត់នេះគឺត្រូវមកពីខេត្តកំពត ដោយជិះម៉ូតូ ហើយពេលហាត់ចប់ត្រូវត្រឡប់ទៅកំពតវិញភ្លាម ដោយម៉ូតូដូចគ្នា។

ក្នុងការធ្វើដំណើរវែងឆ្ងាយបែបនេះម្ដាយ-ឪពុករបស់គេមិនបានយល់ព្រមទេកាលពីដំបូង តែដោយសារខ្លួនស្រលាញ់បាល់ទាត់ខ្លាំងរកអ្វីប្រៀបពុំបាន ហើយពិសេសខ្លួនមានក្ដីស្រមៃចង់ហាត់នៅក្លឹបនេះជាយូរមកហើយ ទើបសុំអង្វរអ្នកមានគុណទាំងពីររហូតលោកយល់ព្រម។

ក្មេងប្រុសដដែលបន្ថែមថា ចម្ងាយផ្លូវពីផ្ទះរបស់ខ្លួនមកដល់កន្លែងហាត់ប្រហែលជា១៤០ទៅ១៥០គីឡូម៉ែត្រ។ សម្រាប់ការហ្វឹកហាត់ដំណាក់កាលដំបូងនេះគឺហាត់ត្រឹម២ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ពោលគឺហាត់រៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃពុធ។

តាមពិតទៅខ្លួនក៏មិនចង់ធ្វើដំណើរទៅមកដូច្នេះដែរ តែដោយសារគ្មានបងប្អូននៅភ្នំពេញផង និងរៀនផងអីផង ទើបសម្រេចចិត្តទៅមក ភ្នំពេញ-កំពតតែម្ដងទៅ។ វាឆ្ងាយហើយហត់បន្តិចតែខ្លួនតាំងចិត្តថា នឹងតស៊ូ ព្រោះតែចិត្តស្រលាញ់វិស័យមួយនេះ ហើយអ្វីដែលពិសេសមិនចង់ឲ្យបាត់បង់ឱកាសនេះ ព្រោះជាឱកាសដែលខាងក្លឹបគេរើស។

គីឡាយ បច្ចុប្បន្នស្នាក់នៅ ភូមិតូច ឃុំក្រាំស្នាយ ស្រុកឈូក កំពត មានវ័យ១៦ឆ្នាំ ចូលកងវិញនឹងរៀនថ្នាក់ទី១១។ សម្រាប់ក្ដីស្រមៃរបស់គេវិញគឺចង់ហ្វឹកហាត់ពេញលេញនៅក្លឹបមួយនេះ នាមជាកីឡាករពេញសិទ្ធ ដោយទទួលបានត្រឹមការផ្គត់ផ្គង់ការសិក្សាផង និងហាត់បាល់ផងក៏សប្បាយចិត្ត។