បណ្តាញសង្គម

បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន ​ពី​បទ​ចាប់​រំលោភ​នារី​បម្រើ​ការងារ​ក្នុង​កីឡដ្ឋាន​ត្រៀម​អូឡាំពិក

បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភសេពសន្ថវៈលើស្ត្រីម្នាក់នៅកីឡដ្ឋានអូឡាំពិកក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

ការប្រកួតអូឡាំពិកនឹងចាប់ផ្ដើមនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១នេះហើយ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។ មកដល់ពេលនេះ មានរឿងជាច្រើនបានកើតឡើងមុនព្រឹត្តិការណ៍មកដល់ ដូចជាបញ្ហាផ្ទុះកូវីដ១៩ជាដើម ដែលធ្វើឱ្យមានមតិជាច្រើនរិះគន់ជប៉ុន ដែលរៀបចំព្រឹត្តិការណ៍អំឡុងពេលកូវីដ។

ខណៈដែលម្សិលមិញនេះ ក៏មានរឿងមួយទៀត គឺបុរសធ្វើការនៅហាងកាហ្វេក្នុងកីឡដ្ឋាន បានចាប់រំលោភលើនារីបម្រើការងារក្នុងកីឡដ្ឋានដូចគ្នាថែមទៀត។ បើយោងតាម Media នៅជប៉ុន បានបញ្ជាក់ថាបុរសខាងលើវ័យ៣០ឆ្នាំមានសញ្ជាតិអ៊ូបេគីស្ថាន។

រូបគេធ្វើការនៅហាងកាហ្វេមួយក្នុងកីឡដ្ឋាននោះ ហើយក៏បានជួបជាមួយនារីវ័យ២០ឆ្នាំកាលពីថ្ងៃសុក្រកន្លងទៅ ដែលធ្វើការជាកម្មករ part-time ក្នុងកីឡដ្ឋានដែរ។ រឿងរ៉ាវចាប់រំលោភនេះ ត្រូវបានគេសង្ស័យថាកើតឡើង ក្រោយពីពិធីហាត់សមបើកព្រឹត្តិការណ៍អូឡាំពិក។

តែភាគីខាងបុរសបានប្រាប់ទៅប៉ូលិសថា លោកមិនបានចាប់រំលោភទេ ដោយសារតែខាងស្ត្រីវ័យ២០ឆ្នាំមិនបានបដិសេធជាមួយខ្លួនឡើយ។ ដោយរឿងនេះ ខាងក្រុមប៉ូលិសតូក្យូ នឹងបន្ដសើបអង្កេតរកការពិតបន្ថែមទៀត។

ខណៈដែលខាង IOC វិញ បានបញ្ជាក់ថារឿងរំលោភកើតឡើងនេះ បានធ្វើឱ្យបាត់ទំនុកចិត្តលើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អូឡាំពិកនេះទៅហើយ៕