បណ្តាញសង្គម

រក​អ្នក​ស្នង! លេខ​របស់ Ramos ​មិន​ទាន់​មាន​កីឡាករ​ហ៊ាន​សុំ​យក​ពាក់​នៅ​ឡើយ​ទេ

ចាប់តាំងពី Sergio Ramos ចាកចេញទៅកាន់ PSG ក្នុងក្លឹប Real Madrid មិនទាន់មានកីឡាករណាម្នាក់ស្នើសុំស្នងអាវលេខ៤របស់គេនៅឡើយទេ។

ពេលដែល Ramos មកដល់ Real Madrid គេបានសម្រេចចិត្តពាក់អាវលេខ៤ ដែលធ្លាប់កម្មសិទ្ធរបស់លោក Fernando Hierro។ ប៉ុន្តែទល់នឹងពេលនេះប្រមាណជាជិត៣សប្ដាហ៍ទៅហើយ មិនទាន់មានកីឡាករ Real ណាម្នាក់សុំយកអាវលេខ៤នេះទេ ចាប់តាំងពី Ramos ចេញពីក្លឹប។

ក៏មិនខុសគ្នាដែរនៅក្នុងជម្រើសជាតិអេស្ប៉ាញ។ Ramos បានពាក់អាវលេខ១៥ក្នុងជម្រើសជាតិ ប៉ុន្តែក្នុងព្រឹត្តិការណ៍ Euro ២០២០ កន្លងទៅ មិនមានកីឡាករណាហ៊ានយកលេខនេះឡើយ។

ហេតុផល កីឡាករអេស្ប៉ាញទាំងអស់ចង់បង្ហាញការគោរពទៅកាន់ Ramos ដែលជាប្រធានក្រុមបានជួយអេស្ប៉ាញលេងជម្រុះបានឡើងមកលេងជុំផ្ដាច់ព្រ័ត្រ មុនពេលមិនត្រូវកោះហៅចូលលេងក្នុងកម្មវិធី Euro។

បកទៅនិយាយក្នុងក្លឹប Real Madrid កីឡាករចំណូលថ្មីម្នាក់ខ្សែការពារ David Alaba អាចជាបេក្ខភាពមួយរូបស្នងតំណែងលេខ៤ ប៉ុន្តែពេលនេះមិនទាន់ច្បាស់ថាគេចង់យកលេខនេះឬអត់ទេ៕