បណ្តាញសង្គម

សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យម្នាក់ទៀតហើយ ដែលចូលរួមប្រើហិង្សា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ លោក ស៊ុយ សារ៉េត

(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដោយសហការជាមួយនគរបាលខេត្តកំពង់ធំ បានឃាត់ជនសង្ស័យម្នាក់ទៀតហើយ ដែលបានចូលរួមប្រើហិង្សា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ របស់លោក ស៊ុយ សារ៉េត នៅក្បែរមន្ទីរពេទ្យលោកសង្ឃ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យម្នាក់ទៀតនេះមានឈ្មោះ អាន ផល្លី អាយុ៣១ឆ្នាំ មានលំនៅដ្ឋាននៅសង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ ត្រូវបានឃាត់ខ្លួន នៅខេត្តកំពង់ធំ។ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ប៊ុត សត្យា បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទី៣នេះ ដោយការសហការរវាងនគរបាលរាជធានីភ្នំពេញ និងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ធំ។

សូមជម្រាបថា នៅថ្ងៃម្សិលមិញ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ រួមមាន៖ ទី១៖ ឈ្មោះ យាត ទិត្យា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះគ្មានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី២៖ ឈ្មោះ អាន វិនទី អាយុ២១ឆ្នាំ មុខរបរជាងមាស រស់នៅផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក។ ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននៅម្តុំឈូកទិព្ទ ខណ្ឌទួលគោក ហើយនៅពេលនេះកំពុងសួរនាំ ដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវ។

ជាមួយគ្នានេះ បើតាមការសាកសួរជាជំហ៊ានដំបូង នៅក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញនេះ លោក ស៊ុយ សារ៉េត បានបាត់បង់ថវិកាជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿងផងដែរ។ នាយឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ផងដែរថា «ឥឡូវនេះយើងបានកំណត់មុខសញ្ញា បានសាវតាជាតិគ្រប់គ្រាន់ចំនួន៤នាក់ហើយ ដែលជាជនដៃដល់ខ្លាំងបំផុត ប៉ុន្ដែពួកគេ បានរត់ចោលស្រុកអស់ហើយ (គេចចេញពីផ្ទះ) ដោយតែបណ្ដាញសង្គមរបស់យើង បានផ្សព្វផ្សាយទាំងរូបភាព និងវីដេអូពេញទឹកពេញដី ជាពិសេស តាំងពីថ្ងៃខ្ញុំដាក់បទបញ្ជាឲ្យតាមចាប់ គឺពួកគេបានដឹងខ្លួន ហើយរត់គេចតាំង ពីថ្ងៃនោះមក។ ជាមួយគ្នានេះ ខ្ញុំបាននិងកំពុងសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនឲ្យទាល់តែបាន»៕

ដកស្រង់ពី៖FRESH NEWS