បណ្តាញសង្គម

ស្ទាក់ចាប់ រថយន្តដឹកសត្វព្រៃ ៦៦៥គីឡូក្រាម នៅស្រុកស្វាយអន្ទរ

ព្រៃវែង ៖ សង្កាត់រដ្ឋបាល ព្រៃឈើព្រៃវែង សហការជាមួយ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តព្រៃវែង និងកងរាជអាវុធហត្ថ ខេត្តព្រៃវែង បានចាប់ឃាត់ រថយន្តសាំងយ៉ុង ១គ្រឿង ដឹកសត្វព្រៃជាង ៦០០គីឡូក្រាម ទៅខេត្តស្វាយរៀង គោលបំណងចេញ តាមច្រកដូង តែមកដល់ចំណុច ភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចចម្រុះ ស្ទាក់ចាប់បាន ។

បើតាមលោក ឃឹម អូន នាយខណ្ឌរដ្ឋបាល ខេត្តព្រៃវែង បសនឲ្យដឹងថា សត្វព្រៃដែលបង្ក្រាប បានរួមមាន ពស់សាំងសឿរស់ ៣២៥គីឡក្រាម ពស់ចាន់ម៉មរស់ទំងន់ ៤៦គីឡូក្រាម អណ្តើកសាកល៧ក្បាល រស់ទំងន់ ៤៨គីឡូក្រាម អណ្តើកសោម ញីរស់ចំនួន ៥ក្បាល ទំងន់ ១៤គីឡូក្រាម អណ្តើកបិទមុខចំនួន ១៥ក្បាល មានទម្ងន់ ១៨គីឡូក្រាម និងត្រកួតរស់មានទម្ងន់ ២១៤គីឡូក្រាម ដោយគ្មាន លិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ សរុប ៦៦៥ គក្រ ឃាត់បាននៅត្រង់ ភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ឃាត់ខ្លួនអ្នកបើកបរ ១នាក់ មានឈ្មោះ ប៊ុត ឃន់ ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិ តាម៉ិញ ឃុំ ក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ជាអ្នកទទួលខុសត្រូវ ដោយពុំមានលិខិត អនុញ្ញាតត្រឹមត្រូវ សមត្ថកិច្ចបាននាំយករថយន្ត មករក្សាទុកនៅស្នាក់ការ ខណ្ឌរដ្ឋបាលព្រៃឈើ ព្រៃវែង ។

លោក ឃឹម អូន បានបន្តថា ចំណែកសត្វព្រៃ ចម្រុះប្រភេទ ត្រូវបានប្រគល់ជូន ឲ្យក្រុមអន្តរាគមន៍ បង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលសហការជាមួយ អង្គការសម្ពន្ធ័មិត្ត សត្វព្រៃ ដើម្បីយកទៅថែបំប៉ន អភិរក្ស ឬដៅលែងនៅ ព្រៃធម្មជាតិ ដែលមានសុវត្ថិភាព ។ រដ្ឋបាលព្រៃឈើ ព្រៃវែង បានកសាង សុំណុំរឿង បានធ្វើការចោទ ប្រកាន់ ឈ្មោះ ប៊ុត ឃន់ ពីបទដឹកជញ្ជូនសត្វព្រៃ គ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ ដែលជាអំពើល្មើស និងមាត្រា ៥០កឋាខណ្ឌ១ ចំណុច១ និងត្រូវផ្តន្ទាទោស តាមមាត្រទី៩៦ កឋាខណ្ឌ១ ចំណុច ១៩នៃច្បាប់ ស្តីព្រៃឈើ ដើម្បីបញ្ជូនទៅ សាលាដំបូង ខេត្តព្រៃវែង ចាត់ការតាមនីតិវិធី ។

លោក ឃឹម អូន បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នេះ សមត្ថកិច្ចនិង បញ្ជូនសុំណុំរឿង និងជនល្មើស ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត ៕

ដកស្រង់ពី៖ដើមអម្ពិល